ប្រទេសជប៉ុន បានធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក ដេនីស៍ ស្មីហាល (Denys Shmyhal) នៅថ្ងៃចន្ទ (១៩ កុម្ភៈ) នេះនៅទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីការកសាងអ៊ុយក្រែនឡើងវិញ ដោយបានសន្យាលើសន្ធិសញ្ញាពន្ធទ្វេភាគីថ្មី និងការគាំទ្រផ្សេងទៀតសម្រាប់ធុរកិច្ចជប៉ុន ខណៈដែលសង្រ្គាមអ៊ុយក្រែននៅតែបន្ត។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចចរចាក្នុងអំឡុងពេលប្រកាសពីសន្ធិសញ្ញាពន្ធទ្វេភាគីថ្មី និងការចាប់ផ្ដើមនៃកិច្ចចរចាសម្រាប់សន្ធិសញ្ញាវិនិយោគដែលមិនបានផ្ដល់ព័ត៌មានលម្អិតថា «ប្រទេសជប៉ុន បានឈរជាមួយ និងបន្តឈរជាមួយអ៊ុយក្រែនជានិច្ច»។

ខណៈពេលដែលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនឈាន ចូលដល់ឆ្នាំទី៣ របស់ខ្លួន ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុជាង ១០ ពាន់លានដុល្លារ ខណៈខ្លួនព្យាយាមបង្ហាញពីសាមគ្គីភាពជាមួយកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគីវ។ ជប៉ុនមិនអាចផ្តល់ការគាំទ្រផ្នែកយោធាដោយផ្ទាល់បានទេ ដោយសារតែច្បាប់ដែលហាមឃាត់ការនាំចេញអាវុធដែលបង្កគ្រោះថ្នាក់ខ្ពស់របស់ខ្លួន។

ប្រទេសជប៉ុន បានបន្ធូរបន្ថយមួយផ្នែកនូវច្បាប់នាំចេញអាវុធនេះនៅក្នុងខែធ្នូ ដែលជាការរុះរើលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ ប៉ុន្តែនៅតែមានការរឹតបន្តឹងលើការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសដែលមានសង្រ្គាម៕