ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក បានវាយប្រហារស្វ័យការពារខ្លួនចំនួនប្រាំលើក នៅក្នុងតំបន់ជាច្រើននៅប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយកងជីវពលហ៊ូទី គាំទ្រដោយអ៊ីរ៉ង់។

ទីបញ្ជាការនិយាយថា ខ្លួនបានវាយប្រហារដោយមីស៊ីលតម្រង់គោលដៅប្រឆាំងនាវាចល័តចំនួនបីលើក នាវាក្រោមទឹកគ្មានមនុស្សបើកមួយលើក និងនាវាលើផ្ទៃទឹកគ្មានមនុស្សបើកមួយលើក កាលពីថ្ងៃសៅរ៍។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក(CENTCOM) បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា «នេះគឺជាការងាររបស់ក្រុមហ៊ូទី ដែលត្រូវបានគេសង្កេតឃើញជាលើកដំបូងនៃយានក្រោមទឹកគ្មានមនុស្សបើក(UUV) ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែតុលា។ ទីបញ្ជាការ បាននិយាយថាខ្លួន បានកំណត់មីស៊ីល និងនាវា ដែលបានបង្ហាញការគំរាមភ្លាមៗ ចំពោះនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងនាវាពាណិជ្ជកម្ម នៅក្នុងតំបន់។
ការវាយប្រហាររបស់ក្រុមហ៊ូទី នៅតំបន់សមុទ្រក្រហម គឺជាសញ្ញាមួយនៃការរីករាលដាលជម្លោះនៅមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏ឃោឃៅរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មកលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។
ក្រុមហ៊ូទី ដែលគ្រប់គ្រងផ្នែកមានប្រជាជនរស់នៅច្រើនបំផុតនៅប្រទេសយេម៉ែន និយាយថា ការវាយប្រហាររបស់ពួកគេមានសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ខណៈអ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា។ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ចាត់ទុកពួកគេថាជាការវាយប្រហារមិនរើសអើង និងជាការគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក។ ដោយប្រឈមមុខទៅនឹងអំពើហឹង្សានៅសមុទ្រក្រហម បណ្តាញដឹកជញ្ជូនសំខាន់ៗភាគច្រើន បានបោះបង់ចោលផ្លូវពាណិជ្ជកម្មដ៏សំខាន់នេះ ហើយងាកទៅរកផ្លូវដ៏វែងឆ្ងាយជាងនៅជុំវិញទ្វីបអាហ្រ្វិក។ បញ្ហានេះ បានបង្កើនការចំណាយ ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីអតិផរណាពិភពលោក។