មេបញ្ជាការយោធាអ៊ុយក្រែនម្នាក់បាននិយាយថា កងទ័ពរបស់លោក បានធ្វើឱ្យស្លាប់និងរងរបួសបុគ្គលិកកងកម្លាំងរុស្ស៊ីជិត ៥០.០០០នាក់ មុនពេលដកខ្លួនចេញពីទីក្រុងសំខាន់ជាយុទ្ធសាស្ត្រ Avdiivka។ ប៉ុន្តែសារព័ត៌មានអាមេរិកមួយ បានព្រមានពីបញ្ហាប្រឈមនានាដែលទាហានអ៊ុយក្រែនប្រឈមមុខ ក្នុងពេល ជំនួយយោធាពីសហរដ្ឋអាមេរិកជាប់គាំង។

មេបញ្ជាការអ៊ុយក្រែន លោក អូឡេកសានឌ័រ តាណាវស្គី(Oleksandr Tarnavskiy) បាននិយាយដូច្នេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការដកកងទ័ពចេញពីទីក្រុង Avdiivka នៅតំបន់ភាគខាងកើតតំបន់ Donetsk ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានអះអាងថា បានគ្រប់គ្រងទីក្រុងនេះទាំងស្រុង។

លោក Tarnavskiy បាននិយាយថា កងទ័ពរបស់លោក បានធ្វើឱ្យមនុស្សស្លាប់និងរងរបួសនៅខាងភាគីរុស្ស៊ី ក្នុងអំឡុងពេលប្រតិបត្តិការរបស់ពួកគេដើម្បីការពារទីក្រុង Avdiivka ចាប់តាំងពីខែតុលាឆ្នាំមុន។ លោកបាននិយាយថា ទាហានរបស់លោក បានបំផ្លាញរថក្រោះ ៣៦៤ គ្រឿង និងយន្តហោះ ៥ គ្រឿងរបស់កងកម្លាំងរុស្ស៊ីផងដែរ។
ទោះជាយ៉ាងណា អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន The New York Times បាននិយាយថា ការដួលរលំទីក្រុង Avdiivka អនុញ្ញាតឱ្យយោធារុស្ស៊ីចល័តកងទ័ព និងយុទ្ធោបករណ៍កាន់តែមានប្រសិទ្ធភាព នៅពីក្រោយសមរភូមិមុខ ខណៈខ្លួនវាយសម្រុកក្នុងទិសដៅដ៏ទៃទៀត។
អត្ថបទសារព័ត៌មាននិយាយថា «នៅទូទាំងសមរភូមិមុខចម្ងាយ ៦០០ ម៉ាយស៍ អ៊ុយក្រែនខ្វះគ្រាប់រំសេវបើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកថ្មីនោះទេ ហើយអ៊ុយក្រែនក៏កំពុង តស៊ូដើម្បីបំពេញបន្ថែមកងកម្លាំងដែលបានបាត់បង់របស់ខ្លួន បន្ទាប់ពីការប្រយុទ្ធគ្នាខ្លាំងអស់រយៈពេលពីរឆ្នាំមកនេះ។ សារព័ត៌មាននេះ បានព្រមានថា កងកម្លាំងជើងគោកអ៊ុយក្រែន ប្រហែលជាស្ថិតក្នុងទីតាំងមានគ្រោះថ្នាក់បំផុតរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមមក។