ការិយាល័យអគ្គមេធាវីរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃចន្ទ (១៩ កុម្ភៈ) នេះថាអតីតនាយករដ្ឋមន្ត្រីថៃដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានជួបជាមួយព្រះរាជអាជ្ញាជុំវិញបណ្តឹងប្រមាថព្រះមហាក្សត្រ ដែលកើតចេញពីបទសម្ភាសន៍កាលពីឆ្នាំ២០១៥ របស់លោក។

ជំនួបនេះទាក់ទងនឹងបណ្ដឹងដែលធ្វើឡើងប្រឆាំងនឹងលោក ថាក់ស៊ីន ក្នុងឆ្នាំ២០១៦ ដែលមិនទាន់មានការជឿនលឿននៅឡើយ ដែលពេលនេះអាជ្ញាធរកំពុងពិចារណាលើភស្តុតាងថ្មី។ អ្នកនាំពាក្យការិយាល័យអគ្គមេធាវី នៅថ្ងៃចន្ទនេះបាននិយាយថា ត្រូវមានការស៊ើបអង្កេតបន្ថែមទៀតចំពោះបណ្តឹងប្រឆាំងលោកថាក់ស៊ីន មួយនេះ។

ពាក្យបណ្តឹងនេះទាក់ទងនឹងបទសម្ភាសន៍កាលពីឆ្នាំ២០១៥ ដែលលោក ថាក់ស៊ីន បានផ្តល់ពេលនៅកូរ៉េខាងត្បូង ហើយត្រូវបានប្តឹងដោយរបបយោធាដែលគ្រប់គ្រងប្រទេសថៃ បន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយប្អូនស្រីរបស់លោកថាក់ស៊ីន។ លោក ថាក់ស៊ីន បានសន្យាម្តងហើយម្តងទៀតនូវភក្តីភាពចំពោះរាជានិយម។
មហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការឃុំខ្លួនរយៈពេលប្រាំមួយខែ ដែលជាថ្ងៃដំបូងនៃសេរីភាពរបស់លោកនៅក្នុងប្រទេសកំណើតរបស់ខ្លួន រយៈពេល ១៥ ឆ្នាំ បន្ទាប់ពីបានភៀសខ្លួនក្រោយការផ្តួលរំលំនៅក្នុងរដ្ឋប្រហារយោធា៕