ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ បង្កើនការផ្សព្វផ្សាយអប់រំ ឲ្យបានសកម្មបន្ថែមទៀត ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន តាមរយៈការសម្ដែងរឿងខ្លី និពន្ធបទចម្រៀង តែងកំណាព្យ ការសម្ដែងធម៌ទេសនា និងវិញ្ញាសាសម្រាប់សិស្សប្រឡងជាដើម ដើម្បីឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា ជាពិសេសឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន និងអនាគត។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿនបាន បានលើកឡើងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនពុំមែនជាភារកិច្ច និង ការទទួលខុសត្រូវរបស់សមត្ថកិច្ចអនុវត្តន៍ច្បាប់តែមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យទាំងអស់។

ឯកឧត្តមបានបន្តទៀតថា ការបង្ក្រាបតែមួយមុខពិតជាពុំអាចឆ្លើយតបទៅនឹងសភាពការណ៍ និងលុបបំបាត់គ្រឿងញៀនចេញពីប្រទេសយើងបាននោះទេ ត្រូវទាមទារឲ្យមានការអប់រំយល់ដឹងការចូលរួមពីសហគមន៍ និងការសហការជួយគ្នា ក្នុងការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងធ្វើសមាហរណកម្មក្នុងសង្គមជាដើម។

ឯកឧត្តមឧបបានបន្ថែមទៀតថា សន្និបាតនាថ្ងៃនេះ គឺផ្តោតទៅលើទិសដៅការងារអាទិភាពចំនួន ៥ក្នុងនោះ រួមមាន៖(១)ការងារផ្សព្វផ្សាយ និងអប់រំ(២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និង គីមីផ្សំ(៣) ការងារព្យាបាល ស្តារនីតិសម្បទា និង សមាហរណកម្ម(៤)ការងារពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និង ទី(៥) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម នេត សាវឿន ក៏បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារដែល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានជោគជ័យ តាំងពីលើកទី១ រហូតមកដល់លើកទី៨ នៅឆ្នាំ ២០២៣ កន្លងទៅនេះ។ ជោគជ័យទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់បាន ពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយកន្លងមកសម្តេច តែងតែយកចិត្តទុកដាក់ណែនាំតម្រង់ទិស ដាក់ចេញនូវគោលនយោយបាយនានាធ្វើយ៉ាងណាឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពមុតស្រួច និងប្រកបដោយស័ក្តសិទ្ធិភាព។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ហើយបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុតក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់ពីកម្ពុជាដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

ជាមួយគ្នានោះដែររាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូលយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់ជាស្នូល នៃបញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឲ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របស់ប្រជាជន។ ការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី៩ ក៏ដូចជា បង្កើតគណៈបញ្ជាការយុទ្ធនាការ សម្រាប់អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យ ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និង បញ្ហារបស់សង្គមជាតិជាដើម៕ អត្ថបទ៖ បាន ចក់


