អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា គ.ជ.ប បានរៀបចំពង្រឹងសន្តិសុខយ៉ាងម៉ត់ចត់តាមការិយាល័យបោះឆ្នោតទាំងអស់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលនឹងប្រព្រឹត្តនាថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។
ខណៈនៅសល់រយៈពេល៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៧ នឹងចាប់ផ្តើមដំណើរការតាមការិយាល័យនៅទូទាំងរាជធានី-ខេត្ត ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ BTV នៅថ្ងៃទី១៩ ខែកុម្ភៈនេះថា ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ គ.ជ.ប បានចេញនូវសេចក្តីណែនាំដល់ប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ស្តីពីអ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត រួមទាំងអ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងរួមទាំងអំពីកិច្ចសហការ និងការអនុវត្តរបស់គណៈបញ្ជាការអចិន្រ្តៃយ៍សន្តិសុខសម្រាប់ការបោះឆ្នោតកាលពីថ្មីៗនេះ។
ក្នុងនោះឯកឧត្តម បញ្ជាក់ថា គណៈបញ្ជាការអចិន្រ្តៃយ៍សន្តិសុខ សម្រាប់ការបោះឆ្នោតបានដាក់ពង្រាយភ្នាក់ងារតាមការិយាល័យបោះឆ្នោតនីមួយៗ ដើម្បីធានាថាចាប់តាំងពីដំណើរការបើកទ្វារការិយាល័យបោះឆ្នោតរហូតដល់រាប់សន្លឹកឆ្នោតមានសុខសន្តិភាព និងសុវត្ថិភាព។
ជាមួយគ្នានេះក្នុងករណីមានបាតុភាព ឬភាពមិនប្រក្រតីកើតឡើងអំឡុងការបោះឆ្នោត ឯកឧត្តម បញ្ជាក់ទៀតថា គ.ជ.ប មានយន្តការសម្របសម្រួល និងយន្តការទប់ស្កាត់បាតុភាព ខណៈក្រៅពីនេះ គ.ជ.ប ក៏រង់ចាំទទួលពាក្យបណ្តឹង ដើម្បីដោះស្រាយផ្តល់យុត្តិធម៌ជូនភាគីពាក់ព័ន្ធទាំងអស់។
យ៉ាងណាមិញ ឯកឧត្តម ហង្ស ពុទ្ធា មានជំនឿយ៉ាងមុតមាំថា ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការដោយអនុវត្តតាមបទបញ្ជា នីតិវិធី និងគោលការណ៍ច្បាប់បោះឆ្នោត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតមានភាពរលូន យុត្តិធម៌ និងទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការិយាល័យសរុបចំនួន ៣៣ ការិយាល័យ និងអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២ នាក់។ ខណៈគណបក្សនយោបាយចំនួន ៤ ដែលចូលរួមប្រកួតប្រជែងរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕ អត្ថបទ៖ សេក ឧត្តម
