នាយករដ្ឋមន្ត្រីនៃអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ូហាម៉េដ ស្ទេយ៉េ (Mohammad Shtayyeh) បានអំពាវនាវឲ្យអាជ្ញាធរអ៊ីស្រាអែលអនុញ្ញាតឲ្យប្រជាជនដែលប្រមូលផ្តុំគ្នានៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ត្រឡប់ទៅផ្ទះរបស់ពួកគេនៅភាគខាងជើងបន្ថែមទៀត។

ថ្លែងនៅក្នុងសន្និសិទសន្តិសុខទីក្រុងមុយនិក( Munich) លោក ស្ទេយីយ៉េ បានចេញការព្រមានដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កុំឲ្យព្យាយាម បង្ខំប្រជាជនប៉ាឡេស្ទីនឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអេហ្ស៊ីប។

លោកបាននិយាយថា៖«ខ្ញុំដឹង ហើយយើងដឹងហើយថា វាជាកម្មវិធីរបស់អ៊ីស្រាអែល ដើម្បីរុញច្រានប្រជាជនចេញពីតំបន់ហ្កាហ្សា។ យើង និងប្រជាជនអេហ្ស៊ីប បានធ្វើការយ៉ាងលំបាក ដើម្បីកុំឲ្យវាកើតឡើង»។
លោកស្ទេយ៉េ បានបញ្ជាក់ថា៖«អេហ្ស៊ីបនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែននោះទេ។ មានរបាយការណ៍នៅក្នុងសារព័ត៌មានអន្តរជាតិថា អេហ្ស៊ីប កំពុងសាងសង់ជំរំទទួលភ្ញៀវមួយនៅម្ខាងព្រំដែនរបស់ខ្លួន ដើម្បីទទួលជនភៀសខ្លួនប៉ាឡេស្ទីន។

លោកបានបន្ថែមទៀតថា អាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងដោយចលនាហ្វាតា (Fatah) ដែលមានមូលដ្ឋាននៅទីក្រុងរ៉ាហ្វា (Ramallah) ក្នុងវេសបែង មិនរក្សាទំនាក់ទំនងជាមួយក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ ហ្កាហ្សាស្ទ្រីប តាំងពីឆ្នាំ ២០០៧មក។