មជ្ឈមណ្ឌលសិក្សាទំនើប ជាគ្រឹះស្ថានសិក្សាសំខាន់មួយដែលកំពុងចូលរួមបណ្ដុះឱ្យកុមារកម្ពុជាលើចំណេះដឹងលើមុខវិជ្ជា STEM និងចំណេះដឹងភាសាអន្តរជាតិ រួមមានទាំងភាសាអង់គ្លេស និងភាសាចិន។ មុខវិជ្ជាទាំងនេះត្រូវសិក្សាពេញ១វេន ខណៈការសិស្សត្រូវសិក្សាតាមកម្មវិធីសិក្សាជាតិ១វេនផងដែរ។

ឈានចូលមកដល់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះ មជ្ឈមណ្ឌលសិក្សាទំនើប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យបើកដំណើរការចំនួន ៧ទីតាំងរួចមកហើយ។ មជ្ឈមណ្ឌលសិក្សាទំនើបនេះ ស្ថិតក្នុងរាជធានីភ្នំពេញចំនួន ៦ ទីតាំង និងស្ថិតនៅខេត្តកំពង់ឆ្នាំង ១ទីតាំងផងដែរ។
លក្ខណៈពិសេសរបស់មជ្ឈមណ្ឌលសិក្សាទំនើបនេះ គឺមានទីតាំងស្ថិតនៅក្នុងបរិវេណជាមួយសាលាបឋមសិក្សា ដោយមានកម្មវិធីសិក្សារយៈពេលពេញមួយថ្ងៃ។ ជាក់ស្ដែងគឺបង្រៀនតាមកម្មវិធីសិក្សារបស់ជាតិមួយពេល និងបង្រៀនតាមកម្មវិធីសិក្សាអន្តរជាតិមួយពេល។

លោក អូន ស៊ីថន ជានាយក មជ្ឈមណ្ឌលសិក្សាទំនើប សាខាបាក់ទូកបានលើកឡើងថា ការសិក្សាកម្មវិធីសិក្សាអន្តរជាតិ គឺផ្តោតសំខាន់លើវិទ្យាសាស្ត្របច្ចេកវិទ្យា STEM ដោយមានទាំងកម្មវិធី រ៉ូបូស៊ីង រ៉ូបូទិក ជាកម្មវិធីអប់រំបែបស្ទែម កម្រិតពិភពលោក បូករួមទាំងចំណេះដឹងលើភាសាអន្តរជាតិ ទាំងភាសាអង់គ្លេស និងភាសាចិន។
មជ្ឈមណ្ឌលសិក្សាទំនើប ក្នុងពេលបច្ចុប្បន្ននេះ មាន ៦ទីតាំងនៅរាជធានីភ្នំពេញ ក្នុងនោះរួមមាន ទីតាំងបឋមសិក្សាព្រះនរោត្តម ជាទីតាំងគោល បឋមសិក្សាចតុមុខ បឋមសិក្សាកូលាប១ បឋមសិក្សាទួលគោក បឋមសិក្សាបឹងសាឡាង បឋមសិក្សាបាក់ទូក រីឯ ១ទីតាំងផ្សេងទៀតស្ថិតនៅបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង។ ការចុះឈ្មោះសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើប គឺពុំទាមទារឱ្យសិស្សប្រឡងចូលនោះទេ។ សិស្សដែលគ្រប់អាយុចូលរៀន គឺអាចដាក់ពាក្យសិក្សាបានជាធម្មតា។ ចំពោះការសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើប ជាការសិក្សាបង់ថ្លៃ។ សិស្សត្រូវបង់ថ្លៃសិក្សា ប្រមាណជិត ៤០០ដុល្លារក្នុងរយៈពេលមួយឆ្នាំ៕ អត្ថបទ៖ គឹម ហុក



