អន្តរគណៈកម្មការរដ្ឋសភា និងក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ជួបប្រជុំពិភាក្សាទាក់ទងនឹងការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភ ធនជលផល នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះធ្វើឡើងរវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ សហការជាមួយឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងឯកឧត្តម ប៉ាន សូរស័ក្កិ លេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានជួបប្រជុំជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងសហការី។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញនៃរដ្ឋសភាថា សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា នឹងត្រូវសិក្សាបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ដែលគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤ ដើម្បីបញ្ជូនមកសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

ឯកឧត្តម ថ្លែងថា កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលមានគោលបំណងដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធាន ជលផលសមុទ្រ ក្នុងកម្រិតសកល តំបន់ និងរដ្ឋសមាជិកនីមួយៗ នៃអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) តាមរយៈការហាមឃាត់ ឬបញ្ឈប់នូវការឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទសមុទ្រ ដែលជាកត្តាចម្បងក្នុងការបំផ្លិចបំផ្លាញដល់ផលស្តុកជលផលសមុទ្រនៃសកលលោក។ ការដាក់ចេញនូវវិធាននៃការឧបត្ថម្ភធនជលផល មានសារៈសំខាន់និងមានឥទ្ធិពលជាវិជ្ជមានចំពោះ និរន្តរភាពនៃផលស្តុកជលផលសមុទ្រនិងការនេសាទសមុទ្រ។

ក្រោយពីបានលើកឡើងនូវសំណួរ និងការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក៏ដូចជាស្ដាប់ការបកស្រាយ ពន្យល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរួចមក ឯកឧត្តម សួស យ៉ារ៉ា ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភា ក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភ ធនជលផល។
ឯកឧត្តម សួស យ៉ារ៉ា បញ្ជាក់ថា ដោយពិនិត្យឃើញពីសារ:សំខាន់ នៃសេចក្តីព្រាងច្បាប់ខាងលើនេះ គណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាព និងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕




