មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាលី កាំមីណេ (Ali Khamenei) កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យអ្នកបោះឆ្នោតទៅបោះឆ្នោតឲ្យបានច្រើន នៅក្នុងការបោះឆ្នោតសភា និងក្រុមប្រឹក្សាមេដឹកនាំសាសនា ដែលបានកំណត់កាលបរិច្ឆេទ នៅថ្ងៃទី ១ ខែមីនា។

គេហទំព័ររបស់លោក បានរាយការណ៍ថា លោក Khamenei បានធ្វើការអំពាវនាវដូច្នេះ នៅក្នុងពេលជួបជាមួយប្រជាជនមកពីខេត្ត អ៊ីស អាហ្សាបៃហ្សង់(East Azarbaijan) ភាគពាយ័ព្យ ក្នុងទីក្រុង តេអេរ៉ង់ ។ លោកបាននិយាយថា ការបោះឆ្នោតគឺជាសសរស្តម្ភដ៏សំខាន់ របស់សាធារណរដ្ឋឥស្លាម និងជាមាគ៌ា ឆ្ពោះទៅរកកំណែទម្រង់របស់ប្រទេស។

លោក បាននិយាយបន្តថា «អ្នកគ្រប់គ្នា គួរតែទៅចូលរួមក្នុងការបោះឆ្នោត ហើយអ្នកទាំងឡាយណាដែលមានបំណងដោះស្រាយបញ្ហា គួរប្រើការបោះឆ្នោតជាវិធីសាស្ត្រដ៏ត្រឹមត្រូវ។
ប្រទេសអ៊ីរ៉ង់ នឹងរៀបចំការបោះឆ្នោតសភាលើកទី១២ និងសភាអ្នកជំនាញលើកទី៦ នៅថ្ងៃទី ១ ខែមីនា។ សភា ដែលមាន ២៩០ អាសនៈ មានអំណាចអនុម័តច្បាប់ និងពិនិត្យរដ្ឋាភិបាល ខណៈសភាអ្នកជំនាញមានសមាជិក ៨៨ រូប ត្រូវបានផ្តល់អំណាចដើម្បីតែងតាំងមេដឹកនាំកំពូល។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ង់ លោក ហាឌី តាហាន ណាហ្ស៊ីហ្វ(Hadi Tahan Nazif) បាននិយាយថា បេក្ខជនចំនួន ១៤.៩១២រូប ត្រូវបានអនុម័តឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតសភា បន្ទាប់ពីដំណើរការពិនិត្យច្បាស់លាស់ ហើយ បេក្ខជនសរុបចំនួន ១៤៤ រូប នឹងប្រកួតប្រជែងសម្រាប់សភាអ្នកជំនាញ ដែលនឹងត្រូវជ្រើសរើសសម្រាប់អាណត្តិរយៈពេល៨ឆ្នាំ។