ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨.៩៨៥ នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់សារព័ត៌មានស៊ីនហួ ក្រសួងបាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ៦៨.៨៨៣ នាក់បានរងរបួសនៅក្នុងតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រនេះ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។

ក្រសួងនេះបានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១២៧ នាក់ និងបង្ករបួស ២០៥ នាក់ផ្សេងទៀតក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយ។ ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តគិលានសង្គ្រោះ។
បន្ថែមពីលើនេះ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា មន្ទីរពេទ្យ អាល់អាម៉ាល់ (Al-Amal) ក្នុងទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប បានឃើញការវាយប្រហារដោយផ្ទាល់ជាច្រើនពីរថក្រោះអ៊ីស្រាអែល៕