រដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេននី ហ្កាន់ស៍ (Benny Gantz) បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាអ៊ីស្រាអែល នឹងបើកការវាយលុកក្នុងក្រុងរ៉ាហ្វា (Rafah) នៃតំបន់ហ្កាហ្សា បើចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស មិនត្រូវបានដោះលែងមកវិញត្រឹមខែតមអាហារមូស្លីមនៃបុណ្យរ៉ាម៉ាដាន ក្នុងពាក់កណ្ដាលខែមីនា។

លោក ហ្កាន់ស៍ សមាជិកនៃគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល បានសន្យាថា យោធានឹងជួយសម្រួលដល់ការជម្លៀសជនស៊ីវិលហ្កហ្សា ក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស។

ប្រជាជនប៉ាឡេស្ទីនប្រមាណមួយលាននាក់ ដែលរត់គេចពីការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា បានភៀសខ្លួនទៅក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ជាប់ព្រំដែនប្រទេសអេហ្ស៊ីប។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រតិបត្តិការជើងគោកនៅក្រុងរ៉ាហ្វា គឺចាំបាច់សម្រាប់ការលុបបំបាត់កងវរសេនាតូចដែលនៅសេសសល់របស់ក្រុមហាម៉ាស ហើយថាអ្នកដែលអំពាវនាវអ៊ីស្រាអែល មិនឱ្យប៉ះពាល់តំបន់នោះគឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចាញ់សង្រ្គាម៕