
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា តំណាងនៃរដ្ឋសមាជិកណាតូ បានធ្វើការពិភាក្សាជាលក្ខណៈឯកជននៅឯសន្និសិទសន្តិសុខទីក្រុងមុយនិក ( Munich) អំពីតម្រូវការក្នុងការរៀបចំសម្រាប់ការវាយប្រហាររបស់រុស្ស៊ីដែលអាចកើតមានលើប្រទេសមួយក្នុងចំណោមពួកគេ ចំពេលមានការសង្ស័យអំពីតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការការពារអឺរ៉ុប។
នៅក្នុងរឿងមួយដែលមានចំណងជើងថា «សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន កំពុងលេងល្បែងពិភពលោកដែលសហរដ្ឋអាមេរិកដកថយ» ប្រព័ន្ធផ្សព្វផ្សាយនេះ បានកត់សម្គាល់ថា៖«សមាជិកណាតូឥឡូវនេះ និយាយជាឯកជនអំពីការវាយប្រហាររបស់រុស្ស៊ីលើពួកគេថា ជាគ្រោះថ្នាក់ដែលទាមទារឲ្យមានការឆ្លើយតបជាបន្ទាន់ នៅពេលដែលពួកគេកាន់តែមានការសង្ស័យថា អាមេរិកនឹងរក្សាតួនាទីប្រពៃណីរបស់ខ្លួន ក្នុងការការពារអឺរ៉ុបជាផ្នែកនៃសម្ព័ន្ធមិត្ត»។
«អ្វីក៏ដោយដែលអ្នកហៅវាថា [រដ្ឋបាលរបស់លោកបៃដិន] ការព្រួយបារម្ភដែលកំពុងកើនឡើងរបស់សម្ព័ន្ធមិត្តអ៊ឺរ៉ុប បានកើតចេញពីការដឹងថា ពួកគេកំពុងស្ថិតនៅក្នុងពេលដែលរុស្ស៊ី ត្រូវបានពង្រឹងដោយជោគជ័យក្នុងសមរភូមិរបស់ខ្លួន សហរដ្ឋអាមេរិក អាចនឹងកាត់បន្ថយការគាំទ្រសម្រាប់តំបន់របស់ពួកគេ និង ពួកគេខ្លួនឯងបានធ្វើតិចតួចពេកក្នុងការរៀបចំ។
ភាពទុទិដ្ឋិនិយមនោះ បានគ្របដណ្ដប់លើការសន្ទនានៅចុងសប្តាហ៍នេះ នៅឯសន្និសិទសន្តិសុខទីក្រុងមុយនិកដែលក្រុមមេដឹកនាំ និងមន្ត្រីការពារជាតិប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីការគំរាមកំហែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់ពិភពលោក។
មន្ត្រីការពារជាតិជាន់ខ្ពស់ដែលចូលរួម បានសម្តែងការព្រួយបារម្ភអំពីការខកខានរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់មូលនិធិរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ហើយបាននិយាយថា ពួកគេកំពុងរៀបចំផែនការសម្រាប់សេណារីយោដែលការចុះខ្សោយជាសាធារណៈក្នុងការគាំទ្រ អាចលើកទឹកចិត្តរុស្ស៊ីឲ្យធ្វើការវាយប្រហារដោយផ្ទាល់លើសម្ព័ន្ធមិត្តណាតូ។