
រដ្ឋាភិបាលន័រវែស បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសន័រវែស បានយល់ព្រមជួយក្នុងការផ្ទេរមូល និធិពន្ធដែលបង្កកសម្រាប់អាជ្ញាធរប៉ាឡេស្ទីន (PA) ដែលត្រូវបានប្រមូលដោយអ៊ីស្រាអែល ដោយផ្តល់មូលនិធិដ៏សំខាន់ដល់អង្គភាពដែលគាំទ្រដោយលោកខាងលិច។
ក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នដែលសម្រេចបានក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែលប្រមូលពន្ធក្នុងនាមប៉ាឡេស្ទីន និងធ្វើការផ្ទេរប្រាក់ប្រចាំខែទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន ប៉ុន្តែជម្លោះ បានផ្ទុះឡើងជុំវិញការបង់ប្រាក់ បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលាដោយក្រុមហាម៉ាស។
ប្រទេសន័រវែស បានបញ្ជាក់ថា ដំណោះស្រាយបណ្តោះអាសន្ន នឹងអនុញ្ញាតឲ្យការទូទាត់បន្ត និងការពារការដួលរលំផ្នែកហិរញ្ញវត្ថុសម្រាប់អាជ្ញាធរប៉ាឡេស្ទីន ដែលអាចឲ្យវាបើកប្រាក់បៀវត្សរ៍ និងផ្តល់សេវាសំ ខាន់ៗដូចជាសាលារៀន និងការថែទាំសុខភាព។
នាយករដ្ឋមន្ត្រីន័រវែស លោក ចូណាស់ ហ្គាហ៍ ស្ទូរី (Jonas Gahr Stoere) បានថ្លែងថា៖«នេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងសម្រាប់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីឲ្យមានភាពស្របច្បាប់ក្នុងចំណោមប្រជាជនរបស់ខ្លួន»។
នៅក្រោមដំណោះស្រាយដែលបានព្រមព្រៀងជាមួយមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន ន័រវែស នឹងធ្វើជាអន្តរការីសម្រាប់ការកាន់កាប់ប្រាក់ចំណូលដែលអ៊ីស្រាអែល បានដកហូត ចាប់តាំងពីថ្ងៃទី៧ ខែតុលា។