
ហុងគ្រី ដែលជាប្រទេសចុងក្រោយរារាំងដល់ការចូលជាសមាជិករបស់ស៊ុយអែត ក្នុងអង្គការណាតូ (NATO) នោះ បានបង្ហាញពីការមិនផ្ដល់កិត្តិយសដាក់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ ដោយបដិសេធមិនជួបជាមួយគណៈប្រតិភូព្រឹទ្ធសភាមកពីគណបក្សទាំង២ ដែលបានធ្វើដំណើរទៅ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Viktor Orban ឲ្យអនុម័តយ៉ាងឆាប់រហ័សដល់ការចូលជាសមាជិករបស់ប្រទេសអឺរ៉ុបខាងជើង ក្នុងសម្ព័ន្ធភាពយោធា។
ការធ្វើមិនដឹងមិនឮនេះដែលសមាជិកព្រឹទ្ធសភាលោក Chris Murphy បានពិពណ៌នា កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) ថា ជាទង្វើ «ហួសហេតុ និងគួរឲ្យព្រួយបារម្ភ» នោះ លាតត្រដាងឲ្យឃើញពីការប្រឹងប្រែងចុងក្រោយបង្អស់របស់លោក Orban ដែលជាអ្នកគាំទ្រឥតងាករេ ចំពោះអធិបតេយ្យភាពជាតិនោះ ក្នុងគោលបំណងបង្ហាញថា លោកនឹងមិនចុះញ៉មជាមួយសម្ពាធខាងក្រៅ ពាក់ព័ន្ធនឹងការពង្រីកសមាជិកដែលជាប់គាំងយូររបស់ណាតូនោះឡើយ។
ទោះបីជាមានប្រជាជនត្រឹមតែ ១០លាននាក់ និងមានត្រឹមតែ ១ភាគរយនៃទិន្នផលសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបក៏ដោយ ក៏ប្រទេសហុងគ្រីក្រោមការដឹកនាំរបស់លោក Orban បានផ្គើនទៅនឹងបណ្ដាប្រទេសដែលមានអំណាចច្រើនជាមួយនឹងគោលការណ៍នាំផ្លូវរបស់ខ្លួន។
កាលពីថ្ងៃសៅរ៍ (ទី១៧ ខែកុម្ភៈ) នៅចុងបញ្ចប់នៃសុន្ទរកថារបស់រដ្ឋដែលលោកបាននិយាយថា គោលនយោបាយរបស់អឺរ៉ុបក្នុងការគាំទ្រអ៊ុយក្រែន «បានបរាជ័យយ៉ាងខ្លាំង» នោះ លោក Orban បានប្រាប់ថា៖ «ប្រទេសហុងគ្រី គឺសំខាន់ជាងអ្វីៗផ្សេងទៀត»។
សូមបញ្ជាក់ថា សមាជិកសភាមកពីគណបក្សកាន់អំណាច Fidesz របស់លោក Orban និងរដ្ឋមន្ត្រីរដ្ឋាភិបាលទាំងអស់ បានបដិសេធមិនជួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក ដែលកំពុងធ្វើទស្សនកិច្ច ដោយក្នុងចំណោមសមាជិកទាំងអស់នោះសុទ្ធតែជាអ្នកគាំទ្រដ៏រឹងមាំរបស់អ៊ុយក្រែន៕