
តុលាការកំពូលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) នេះ ត្រូវបើកសវនាការមួយសប្តាហ៍ពាក់ព័ន្ធនឹងផលប៉ះពាល់ផ្លូវច្បាប់នៃការកាន់កាប់របស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន ដោយមានរដ្ឋមិនតិចជាង ៥០ គ្រោងនឹងថ្លែងទៅកាន់ចៅក្រម។
រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki នឹងនិយាយជាលើកដំបូង នៅក្នុងដំណើរការផ្លូវច្បាប់ នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់។ នៅឆ្នាំ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិបានស្នើសុំឲ្យតុលាការចេញសេចក្ដីសម្រេចផ្ដល់យោបល់ ឬការមិនជាប់កាតព្វកិច្ច ជុំវិញការកាន់កាប់នេះ។
ទោះបីជាអ៊ីស្រាអែលបានព្រងើយកន្តើយនឹងសេចក្ដីសម្រេចបែបនេះ កាលពីអតីតកាលក៏ដោយ ក៏សេចក្ដីសម្រេចផ្ដល់យោបល់នេះអាចដាក់សម្ពាធនយោបាយលើសង្រ្គាមរបស់អ៊ីស្រាអែល ដែលកំពុងបន្តមាន នៅតំបន់ហ្កាហ្សា។ ហើយបើយោងតាមមន្ត្រីសុខាភិបាល នៅតំបន់ហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ការវាយលុកនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ២៩.០០០នាក់ ។
ក្នុងចំណោមប្រទេសដែលគ្រោងនឹងចូលរួមក្នុងសវនាការនេះ មានសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រខ្លាំងបំផុតរបស់អ៊ីស្រាអែល ចិន រុស្ស៊ី អាហ្វ្រិកខាងត្បូង និងអេហ្ស៊ីប។ អ៊ីស្រាអែលនឹងមិនចូលរួមនោះទេ ទោះបីជាខ្លួនបានបញ្ជូនការអង្កេតជាលាយលក្ខណ៍អក្សរក៏ដោយ។ សវនាការនេះគឺជាផ្នែកមួយនៃការជំរុញរបស់ប៉ាឡេស្ទីន ដើម្បីឲ្យស្ថាប័នច្បាប់អន្តរជាតិពិនិត្យមើលការប្រព្រឹត្តរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា នេះជាលើកទី២ ហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិបានស្នើទៅតុលាការ ICJ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោក ដើម្បីឲ្យចេញសេចក្ដីសម្រេចផ្ដល់យោបល់ទាក់ទងនឹងដែនដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់។ កាលខែកក្កដា ឆ្នាំ២០២៤ តុលាការបានរកឃើញថា ជញ្ជាំងខណ្ឌចែករបស់អ៊ីស្រាអែល នៅតំបន់ West Bank បានបំពានច្បាប់អន្តរជាតិ ហើយគួរតែត្រូវបានរុះរើ ទោះបីជាជញ្ជាំងនោះនៅតែមានដដែលរហូតមកដល់សព្វថ្ងៃនេះក៏ដោយ៕