
ប្រទេសចិន បានផ្តល់ការគាំទ្រដល់ដៃគូយុទ្ធសាស្ត្រយូរអង្វែងរបស់ខ្លួន គឺប្រទេសហុងគ្រី ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសាធារណៈ ដោយទៅហួសពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ អំឡុងកិច្ចប្រជុំដ៏កម្រមួយជាមួយនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ខណៈដែលអង្គការណាតូ (NATO) កំពុងជួបការលំបាក ក្នុងការពង្រីកបណ្តាញរបស់ខ្លួន នៅអឺរ៉ុប។
រដ្ឋមន្ត្រីសន្តិសុខសាធារណៈលោក Wang Xiaohong បានប្រាប់លោក Orban កាលពីសប្តាហ៍មុនថា ប្រទេសចិនសង្ឃឹមថា នឹងពង្រឹងទំនាក់ទំនងការអនុវត្តច្បាប់ និងសន្តិសុខជាមួយប្រទេសហុងគ្រី ខណៈដែលប្រទេសទាំង២ ប្រារព្ធខួបលើកទី៧៥នៃទំនាក់ទំនងការទូតរបស់ខ្លួន។ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Budapest (ប៊ុយដាប៉ែស) លោក Wang បាននិយាយថា លោកសង្ឃឹមថា កិច្ចប្រឹងប្រែងបែបនេះនឹងក្លាយជា «ចំណុចសំខាន់ថ្មីនៃទំនាក់ទំនងទ្វេភាគី» លើវិស័យនានា ដូចជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។
ប្រទេសទាំង២ ក៏នឹងរួមបញ្ចូលផងដែរនូវការកសាងសមត្ថភាពផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតីចិន លោក Xi Jinping ដែលមានគោលបំណងភ្ជាប់ប្រទេសចិនជាមួយពិភពលោក តាមរយៈទំនាក់ទំនងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) សារព័ត៌មាន Xinhua បានរាយការណ៍ថា លោក Wang ក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Sandor Pinter និងបានចុះហត្ថលេខាលើឯកសារស្តីពីការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ។
ការធានាសន្តិសុខរបស់ប្រទេសចិននេះកើតឡើង នៅពេលដែលហុងគ្រីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី បានធ្វើការដើម្បីបន្ថយការពឹងផ្អែករបស់ខ្លួនលើបណ្តាប្រទេសលោកខាងលិច ក្នុងទសវត្សរ៍មុនក្រោមការដឹកនាំរបស់លោក Orban ដោយថ្មីៗនេះទប់ទល់នឹងសម្ពាធ ដើម្បីអនុម័តការពង្រីកសមាជិករបស់អង្គការណាតូ នៅអឺរ៉ុប។ ហុងគ្រីគឺជារដ្ឋតែមួយគត់របស់អង្គការណាតូ ដែលមិនបានផ្តល់សច្ចាប័នលើការស្នើសុំរបស់ស៊ុយអែត ដើម្បីចូលរួមក្នុងប្លុកសន្តិសុខមួយនេះ៕