
ប្រទេសចិនបានយល់ព្រមលុបចោលការហាមឃាត់ការនាំចូលសាច់គោពីប្រទេសអេស្ប៉ាញ។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) បន្ទាប់ពីមានការជួបពិភាក្សាគ្នា។
ចាប់តាំងពីឆ្នាំ២០០០ មក ទីក្រុងប៉េកាំងបានដាក់បម្រាមលើផលិតផលសាច់គោពីសហភាពអឺរ៉ុបដោយសារតែការលេចចេញនូវករណីជាច្រើននៃជំងឺ «គោឆ្កួត» នៅក្នុងបណ្ដាប្រទេសសមាជិកមួយចំនួនរបស់ប្លុកនេះ នាឆ្នាំនោះ។
នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេស្ប៉ាញលោក Jose Manuel Albares នៅទីក្រុង Cordoba ភាគខាងត្បូងប្រទេសអេស្ប៉ាញ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់ថា៖ «នេះគឺជាដំណឹងល្អមួយ ជាពិសេសសម្រាប់កសិករអេស្ប៉ាញតែម្ដង»។
ការប្រកាសនេះធ្វើឡើងក្នុងខណៈពេលដែលកសិករនៅប្រទេសអេស្ប៉ាញអស់រយៈពេល ២សប្តាហ៍កន្លងមកនេះ បានចូលរួមក្នុងការតវ៉ាទូទាំងសហភាពអឺរ៉ុប ជុំវិញបទប្បញ្ញត្តិធ្ងន់ធ្ងរ ការចំណាយខ្ពស់ និងការនាំចូលតម្លៃថោកដែលពួកគេនិយាយថា បានធ្វើឲ្យពួកគេពិបាកបំពេញតាមបាន។
ចំណែកលោក Albares បាននិយាយថា៖ "នៅពេលអ្នកគិតពីទំហំទីផ្សារចិន ផលប៉ះពាល់នឹងមានភាពវិជ្ជមានយ៉ាងពិសេសអស្ចារ្យ»។ លោកបានបន្តថា៖ «នេះជាវិធានការមួយដែលយើងបានស្នើជាយូរមកហើយដែលផ្តល់ប្រយោជន៍ដល់ជនបទទាំងមូល។ ជារឿងពិបាកណាស់ ក្នុងការរកទីផ្សារដូចទីផ្សារចិននេះបាន»។
សូមបញ្ជាក់ថា លោក Wang Yi អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិនរូបនេះបានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីបានចូលរួម កាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅក្នុងសន្និសីទសន្តិសុខដ៏ធំមួយ នាទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកបាននិយាយថា ទីក្រុងប៉េកាំងនឹងក្លាយជា «កម្លាំងសម្រាប់ស្ថិរភាព» នៅលើពិភពលោក៕