ថៃ៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមគាំទ្រសិទ្ធិមនុស្សអន្តរជាតិ បានចោទប្រកាន់សហភាពមីយ៉ាន់ម៉ា ថាបានឃាត់ខ្លួនសមាជិកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ១៣ម៉ឺននាក់ នៅក្នុងជំរំភៀសខ្លួនកខ្វក់ ហើយសហគមន៍អន្តរជាតិ គួរតែដាក់សំពាធមកលើរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ឲ្យស្តាឡើងវិញនូវសេរីភាព និងសេចក្តីថ្លែថ្នូ របស់ជនមូល្លីមភាគតិចមួយនេះ។
នៅក្នុងរបាយការណ៍ចំនួន ១៦៩ទំព័រ ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ស្ថានភាពអមនុស្សធម៌ នៅក្នុងជំរំជនភៀសខ្លួនដែលមានការរឹតត្បិតខ្លាំង ២៤កន្លែង និងតំបន់សហគមន៍បិទសិទ្ធិ នៅរដ្ឋភាគខាងលិចរ៉ាឃីន បានគំរាមកំហែងដល់សិទ្ធិរស់រាន និងសិទ្ធិដទៃទៀតរបស់ជនភាគតិចរ៉ូហ៊ីងយ៉ា ដែលបានប្រឈមនឹងការរើសអើងជាតិសាសន៍ជាយូរមកហើយ។
របាយការណ៍ដែលមានឈ្មោះថា “គុកឥតជញ្ជាំងដោយគ្មានទីបញ្ចប់” បានសរសេររៀបរាប់ពីការរឹតត្បឹតខ្លាំងលើការរស់នៅប្រចាំថ្ងៃ ការធ្វើដំណើរ ការអប់រំ ការថែទាំងសុខភាព ទីជម្រក និងចំណីអាហារមិនគ្រប់គ្រាន់។
ដោយសារតែការរឹតត្បិតទាំងអស់នេះ បានធ្វើឲ្យអ្នករស់នៅក្នុងជំរំ ប្រឈមនឹងអត្រាខ្ពស់នៃកង្វះអាហារូបត្ថម្ភ ជំងឺអាសន្នរោគ ហើយអត្រាមរណភាពមាតា និងទារក ខ្ពស់ជាងតំបន់ជិតខាងក្នុងរដ្ឋរ៉ាឃីន។
សូមបញ្ជាក់ថា ជំរំជនភៀសខ្លួនទាំងអស់នេះ ត្រូវបានកសាងឡើងសម្រាប់ជនភាគតិចរ៉ូហ៊ីងយ៉ាដែលបានរត់គេចចេញពីអំពើហិង្សាកាលពីឆ្នាំ ២០១២ រវាងជនមូស្លីម និងពុទ្ធសាសនិកនៅរដ្ឋរ៉ាឃីន ៕ អត្ថបទ៖ សារ៉ាត់
