
ភ្ញៀវទេសចរចិនបានប្រើប្រាស់ថ្ងៃឈប់សម្រាកជាតិរយៈពេលយូរ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ម៉ាកាវ និងក្រៅប្រទេស ក្នុងចំនួនច្រើនបំផុត ដោយបង្ហាញថា ការចំណាយនៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ របស់ពិភពលោកមួយនេះ កំពុងកើនឡើង។
រដ្ឋបាលរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុបានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) ថា អ្នកធ្វើដំណើរចិនជាង ១,២លាននាក់ បានទៅលេងទីក្រុងហុងកុង ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិនរយៈពេល ៨ថ្ងៃ។ តួលេខនោះលើសពីចំនួនខ្ពស់បំផុត ក្នុងរយៈពេលស្មើគ្នា ក្នុងឆ្នាំ២០១៨ ពោលគឺនៅមុនពេលការរាតត្បាតពីជំងឺកូវីដ-១៩។
ចំណែកនៅទៅក្រុងជិតខាងម៉ាកាវ មានការរាយការណ៍ថា មានអ្នកទេសចរចំនួន ១,៤លាននាក់ សម្រាប់ថ្ងៃឈប់សម្រាកនេះ ដែលជាសញ្ញាដ៏មានសុទិដ្ឋិនិយម សម្រាប់មជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ ថ្ងៃឈប់សម្រាកឆ្នាំថ្មី ឆ្នាំ២០២៤ ដែលមានរយៈពេលមួយថ្ងៃយូរជាងឆ្នាំ២០២៣ គឺជាការប្រារព្ធពិធីបុណ្យជាតិដ៏សំខាន់បំផុតរបស់ប្រទេសចិន និងជាកត្តាជំរុញដ៏សំខាន់ ដល់ការចំណាយ នៅដើមឆ្នាំ។
គួរបញ្ជាក់ដែរថា ការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រទេសចិន បាន និងកំពុងងើបឡើងវិញយឺតជាងការធ្វើដំណើរក្នុងស្រុក ដោយសារវិបត្តិអចលនទ្រព្យដែលកំពុងបន្តមាន បំផ្លាញដល់ទំនុកចិត្ត ហើយសម្ពាធបរិត្តផរណានៅតែបន្តកើតមាន។ អំឡុងបុណ្យជាតិឆ្នាំ២០២៣ អ្នកទិញទំនិញដែលដឹងពីស្ថានភាពថវិការបស់ខ្លួន នៅតែធ្វើដំណើរ ប៉ុន្តែបានស្វែងរកទំនិញដែលមានតម្លៃថោក និងចំណាយតិច។ តែរយៈពេលនេះ ទេសចរណ៍ក្រៅប្រទេសហាក់មានការកើនឡើង៕