
ការិយាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃទី១៧ ខែកុម្ភៈថា ជនជាតិអ៊ុយក្រែនដែលភៀសខ្លួនទៅចក្រភពអង់គ្លេស ដើម្បីគេចពីការឈ្លានពានពេញលេញរបស់រុស្ស៊ី នឹងត្រូវបានអនុញ្ញាតឲ្យបន្តទិដ្ឋាការរយៈពេល ១៨ខែទៀត។
ជនជាតិអ៊ុយក្រែនជាង ២០០.០០០ នាក់ បានធ្វើទេសន្តរប្រវេសន៍ទៅចក្រភពអង់គ្លេស ចាប់តាំងពីខែមីនាឆ្នាំ ២០២២ ដោយទិដ្ឋាការដំបូង នឹងផុតកំណត់ នៅខែមីនា ឆ្នាំ ២០២៥។
លោក Tom Pursglove រដ្ឋមន្ត្រីទទួលបន្ទុកទេសន្តរប្រវេសន៍ស្របច្បាប់របស់ចក្រភពអង់គ្លេស បាននិយាយថា៖«គម្រោងពន្យារទិដ្ឋាការថ្មីនេះ ផ្តល់នូវភាពប្រាកដប្រជា និងការធានាសម្រាប់ប្រជាជនអ៊ុយក្រែននៅចក្រភពអង់គ្លេសអំពីអនាគតរបស់ពួកគេ នៅពេលដែលសង្រ្គាមនេះ នៅតែបន្ត ហើយយើងនឹងបន្តផ្តល់ទីជម្រកសុវត្ថិភាពសម្រាប់អ្នកដែលភៀសខ្លួនចេញពីជម្លោះនេះ»។
ការប្រកាសពន្យារពេល កើតបន្ទាប់ពីមានរបាយការណ៍ថា ជនភៀសខ្លួនអ៊ុយក្រែនរាប់ពាន់នាក់ នៅចក្រភពអង់គ្លេស ប្រឈមនឹងអសន្តិសុខលំនៅឋាន
បន្ទាប់ពីការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ី ចក្រភពអង់គ្លេស បានបង្កើតគម្រោងមួយចំនួន ដើម្បី ផ្តល់ទិដ្ឋាការ និងលំនៅដ្ឋានបណ្តោះអាសន្នដល់ប្រជាជនអ៊ុយក្រែនដែលភៀសខ្លួនចេញពីសង្រ្គាម រួមទាំងគំនិតផ្តួចផ្តើម «ផ្ទះសម្រាប់អ៊ុយក្រែន»ផងដែរ។ នៅក្រោមគម្រោង«ផ្ទះសម្រាប់អ៊ុយក្រែន» គ្រួសារអង់គ្លេស បានស្ម័គ្រចិត្តឧបត្ថម្ភជនភៀសខ្លួន និងបានទទួលការបង់ប្រាក់ពីរដ្ឋាភិបាលជាថ្នូរនឹងគ្នា។ កម្មវិធីនេះ បានបម្រើប្រជាជនអ៊ុយក្រែន១៤៣.៤០០នាក់គិត ត្រឹមខែកុម្ភៈ ឆ្នាំ២០២៤។