
ជម្លោះកាន់តែកើនខ្លាំងឡើងៗរវាងកងទ័ពសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាមM23 ដែលដឹកនាំដោយក្រុមកុលសម្ព័ន្ធទុតស៊ី (Tutsi) ដែលត្រូវចោទថាគាំទ្រដោយប្រទេសរ្វ៉ាន់ដា បានរំខានដល់ចរន្ដផ្គត់ផ្គង់នៅក្រុងហ្គូម៉ា (Goma) ភាគខាងកើតនោះ ដែលបង្កផលប៉ះពាល់ដល់អ្នកស្រុកជាង២លាននាក់ និងជនភៀសខ្លួន។
ការប៉ះទង្គិចគ្នាបានកើនឡើងចាប់តាំងពីឆ្នាំដែលក្រុមឧទ្ទាមដណ្ដើមបានដែនដីដូចជា ក្រុងតូចៗ និងភូមិនៅជុំវិញទីក្រុងរបស់ខេត្ដ ហើយការកាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់ ដោយបង្ខំឲ្យមនុស្សរាប់ពាន់នាក់ស្វែងរកទីជ្រកកោនក្នុងទីក្រុង។
អ្នកជំនាញបញ្ហាប្រទេសកុងហ្គោរបស់អង្គការសហប្រជាជាតិ និងមហាអំណាចលោកខាងលិច បានចោទប្រទេសរ៉្វាន់ដាថាកំពុងគាំទ្រក្រុមឧទ្ទាមកាន់តែច្រើនឡើងៗ ដោយអះអះអាងការពារផលប្រយោជន៍របស់ក្រុមអណិកជនទុតស៊ី ប្រឆាំងនឹងក្រុមសជីវពលហ៊ូទូដែលក្រុមមេដឹកបានចូលនៅក្នុងអំពើប្រល័យពូជសាសន៍រ៉្វាន់ដាក្នុងឆ្នាំ១៩៩៤នោះ។ ចំណែកប្រទេសរ៉្វាន់ដា បានបដិសេធន៍ថាមិនបានគាំទ្រ
ពួកគេឡើយ។
ដោយសារតែពួកឧទ្ទាមកំពុងរុលទៅកាន់ស្រុកសាកេ (Sake) ប្រមាណជា២៥គីឡូម៉ែត្រភាគខាងលិចក្រុងហ្គូម៉ានោះ ឥឡូវនេះ ក្រុងនេះ ពឹងផ្អែកតែទៅលើការផ្គត់ផ្គង់ស្បៀងដ៏តិចតួចដែលនាំដោយអ្នកស្រុកចេញពីភូមិនានាដែលនៅជុំវិញបឹង គីវូ (Kivu)។
អេស្ប៉េរ៉ាន់ នីយ៉ូតា (Esperance Nyota) ជាអ្នកលក់ផ្លែចេក បានព្រមានពីគ្រោះទុរ្ភិក្សអាចនឹងកើតមាន ប្រសិនបើជម្លោះនៅតែបន្ដ ហើយផ្លូវផ្គត់ផ្គង់ក្រុងហ្គូម៉ា ចេញពីដីស្រែជុំវិញនៅតែកាត់ផ្ដាច់នោះ។
យោងតាមទីភ្នាក់ងាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនដែលបានបាត់បង់ទីជម្រកប្រមាណជា១៣៥.០០០នាក់ បានភៀសខ្លួនចេញពីក្រុងសាកេ (Sake) កាលពី១សប្ដាហ៍កន្លងទៅនេះ។
មន្ទីរពេទ្យ គីយេសេរ៉ូ(Kyeshero)ក្នុងក្រុងហ្គូម៉ា ដែលផ្ដល់ការព្យាបាលដោយឥតគិតថ្លៃដល់ជនរងគ្រោះពីជម្លោះនោះ ត្រូវបានគេឃើញមានលំហូរចូលអ្នកជម្ងឺជាច្រើនដែលរងរបួសពីការបាញ់កាំភ្លើង និងការទម្លាក់គ្រាប់បែកនោះ។
អាគីលីម៉ាលី កាសាលេមបា(Akilimali Kasalemba) ជាអ្នកបាត់បង់ទីជម្រកអាយុ២០ឆ្នាំ បានរងរបួសដោយអំបែងគ្រាប់ខណះដែលកំពុងភៀសខ្លួនចេញពីភូមិរបស់គាត់។ គាត់បាននិយាយថា មនុស្ស៧នាក់បានស្លាប់ និងជាច្រើននាក់ទៀត រងរបួសនៅពេលដែលគ្រាប់ បានធ្លាក់ចំក្រុមរបស់គាត់៕