បាល់ទាត់៖ រដូវកាលថ្មីនៃការប្រកួតក្របខណ្ឌ English Premier League នាខែក្រោយនេះនឹងមានអ្នកគាំទ្រចូលទស្សនាពេញកីឡដ្ឋានតែម្តង នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson។

សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីអង់គ្លេសចាប់ផ្តើមបន្ធូរបន្ថយ លើគោលការជាច្រើននៃការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ Covid-19 ចាប់ពីថ្ងៃទី១៩ ខែកក្កដាតទៅ។ មានន័យថា ក្របខណ្ឌ English Premier League, League Championship, League One និង League Two នឹងត្រូវអនុញ្ញាតឱ្យស្វាគមន៍អ្នកគាំទ្រត្រលប់មកវិញ ដោយគ្មានការហាមឃាត់ចាប់ពីរដូវកាលក្រោយដែលនឹងចាប់ផ្តើមនៅខែសីហា។
តែអ្នកគាំទ្រដែលទៅទស្សនាផ្ទាល់ដោយបញ្ជាក់ថា ខ្លួនគ្មានវិជ្ជមាន Covid-19 តាមរយៈការធ្វើតេស្តភ្លាមៗ ហើយមិនបាច់រក្សាគំលាតក៏បាន។ សូមរំលឹកថា រដូវកាល ២០២០/២០២១ កន្លងទៅ ក្របខណ្ឌបាល់ទាត់នៅអង់គ្លេសស្ទើរតែគ្រប់ប្រកួត ត្រូវធ្វើឡើងក្នុងលក្ខខណ្ឌបិទទ្វារ ទើបតែប្រកួតចុងក្រោយនៃរដូវកាល បានបើកឱ្យអ្នកគាំទ្រខ្លះចូលទស្សនាផ្ទាល់បាន៕
អត្ថបទ៖នាង សុភាវុធ