
អ្នកសម្របសម្រួលជម្លោះ គឺប្រទេសកាតា នៅថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) បានរិះគន់ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលបាននិយាយថា លោកបានស្នើសុំឲ្យរដ្ឋឈូងសមុទ្រដាក់សម្ពាធក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដោយពណ៌នាថា ជាការប៉ុនប៉ងថ្មីមួយ ដើម្បីអូសបន្លាយសង្គ្រាម នៅតំបន់ហ្កាហ្សា។
នាយករដ្ឋមន្ត្រីកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani បានមានបន្ទូលកាលពីចុងសប្តាហ៍ថា គំរូនៃការចរចាសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់គោល ចំពោះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា គឺជារឿង «មិនអាចសម្រេចបាននោះទេ» ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ក្នុងសេចក្តីថ្លែងការណ៍ ដែលបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសកាតា លោក Majed Al-Ansari បានឲ្យដឹងថា៖ «សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលលោកអំពាវនាវឲ្យកាតាដាក់សម្ពាធលើក្រុមហាម៉ាស ដើម្បីឲ្យមានការដោះលែងចំណាប់ថ្នូរ (អ៊ីស្រាអែល) គឺជារឿងទទេស្អាត តែជាការប៉ុនប៉ងថ្មីរបស់លោក ដើម្បីពន្យារពេល និងបន្តសង្រ្គាម ជាមួយនឹងហេតុផលនានា ដែលជាភាពច្បាស់លាស់ សម្រាប់មនុស្សគ្រប់គ្នា»។
វាមិនទាន់ច្បាស់ទេថា តើការអត្ថាធិប្បាយអ្វីពីលោក Netanyahu ដែលសេចក្តីថ្លែងការណ៍របស់កាតា បានសំដៅទៅលើនោះទេ។ ព្រះអង្គម្ចាស់ Sheikh Mohammed ដែលជារដ្ឋមន្ត្រីការបរទេសផងដែរ បានមានបន្ទូលកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា ព្រះអង្គមិនអាចផ្តល់ព័ត៌មានលម្អិតនៃកិច្ចចរចាបានទេ ប៉ុន្តែដូចទៅនឹងកិច្ចព្រមព្រៀងកន្លងមក មានធាតុផ្សំចំនួន២ គឺលក្ខខណ្ឌមនុស្សធម៌ នៅហ្កាហ្សា និងចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវដោះលែង ជាថ្នូរនឹងចំណាប់ថ្នូរអ៊ីស្រាអែល៕