ភ្នំពេញ÷ ក្រសួងធម្មការ និងសាសនា បើកវគ្គបណ្តុះបណ្តាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៤ ក្រោមអធិបតីភាពឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការតំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង, នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។
លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានកើតឡើងតាមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្បុជា ក្នុងគោលបំណងថែរក្សាលើកតម្កើងតម្លៃព្រះពុទ្ធសាសនា និងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិឲ្យបានគង់វង្ស។ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធីបង្កើតឲ្យមានការវែកញែក រកខុសត្រូវមិនដាច់ស្រេចសម្តេចតេជោ យល់ថានេះជាវិបតិ្តអាចារ្យខ្មែរ ហើយនឹងក្លាយជាវិបតិ្តកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនគិតគូរទប់ស្កាត់ទាន់ពេលវេលា។ ហេតុនេះទើបថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងធម្មការ និងសាសនា ដើម្បីបង្កើតវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យទូទាំងប្រទេសឲ្យមានការឯកភាពគ្នា យោគយល់គ្នាលើការដឹកនាំពិធីកម្មនានា ធ្វើយ៉ាងណាកុំឲ្យមានវិបតិ្តអាចារ្យកើតឡើង។
នាឱកាសនោះឯកឧត្តម នរៈ រតនវឌ្ឍនោ បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅក្នុងអាណត្តិទី៧នេះ ក្រសួងបានបង្ហាញសកម្មភាពផ្សព្វផ្សាយសាសនាយ៉ាងផុសផុលដល់កុលបុត្រ កុលធីតាខ្មែរ ជាក់ស្តែងបានផលិតវីដេអូ ស្តីអំពីសុជីវធម៌ថ្វាយបង្គំ និងសំពះតាមប្រពៃណីខ្មែរ តាមបែបបទឲ្យបានត្រឹមត្រូវជាដើម។
ក្នុងស្មារតីនេះ ក្នុងនាមក្រសួងធម្មការ និងសាសនា ឯកឧត្តម នរៈ រតនវឌ្ឍនោ សូមសំណូមពរសិក្ខាកាមអាចារ្យ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជំនាន់ទី៤៤នេះ ត្រូវខិតខំត្រងត្រាប់ស្តាប់នូវបទឧទ្ទេសនាមពីសំណាក់ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ហើយបន្តលើកកម្ពស់ និងពង្រឹងការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមក្បួនខ្នាត។ សូមឧទ្ទេសាចារ្យគ្រប់រូប មេត្តាចែករំលែកនូវចំណេះដឹង បទពិសោធន៍ ដល់សិក្ខាកាមឱ្យអស់ពីសមត្ថភាព និងត្រឹមត្រូវទៅតាមក្បួនច្បាប់ដែលមានស្រាប់ប្រកបដោយការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី៤៤ ដែលកំពុងចាប់ផ្ដើមនាពេលនេះមានសិក្ខាកាមអាចារ្យ មកពីបណ្តារាជធានី/ខេត្តទូទាំងប្រទេសចំនួន១៩០រូប ក្នុងនោះព្រះសង្ឃ២៤អង្គ និងស្ត្រី៨នាក់ សិក្សារយៈពេល០៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ១៨មុខវិជ្ជាធំៗ គិតជាម៉ោងសិក្សាត្រូវជា៣៣ម៉ោង ៣០នាទី វគ្គសិក្សានេះនឹងត្រូវប្រារព្ធពិធីបិទវគ្គនៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា ដោយមានពិធីប្រគេនជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមផ្ទាល់ផងដែរ៕ អត្ថបទ រដ្ឋា


















