ប្រទេសក្នុងប្លុកសហភាពអឺរ៉ុបទាំងអស់ លើកលែងតែប្រទេសហុងគ្រី បានព្រមានអ៊ីស្រាអែល កាលពីថ្ងៃចន្ទកុំឲ្យបើកការវាយលុកចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលពួកគេនិយាយថា នឹងរុញទម្លាក់ចូលទៅក្នុងគ្រោះមហបន្តរាយកាន់តែជ្រៅសម្រាប់ជនភៀសខ្លួនចំនួន១,៥លាននាក់ ដែលបានជ្រកកោននៅក្នុងទីក្រុងជាយភាគខាងត្បូងមួយរនេះរបស់តំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីក្រសួងការបរទេសអៀរឡង់ លោក មីឈែល ម៉ាទីន បាននិយាយ មុនកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ចំនួន២៧ប្រទេស នៅក្នុងទីក្រុងព្រុចសែលថា ការវាយប្រហារលើទីក្រុងរ៉ាហ្វា នឹងបង្កឲ្យមានគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយជារឿងមិនសមហេតុ។

បន្ទាប់ពីការពិភាក្សា បានបញ្ចប់ លើកលែងតែមួយក្នុងចំណោមប្រទេសទាំងអស់ បានអំពាវនាវក្នុងសេចក្ដីថ្លែងការណ៍រួមមួយឲ្យមានការផ្អាកសម្រាប់បទឈប់បាញ់មនុស្សធម៌ ដែលនឹងនាំឲ្យមានបទឈប់បាញ់យូរអង្វែងមួយ ការដោះលែងចំណាប់ថ្នូរទាំងអស់ដោយគ្មានលក្ខខណ្ឌ និងការផ្ដល់ជំនួយមនុស្សធម៌។

សេចក្ដីថ្លែងការណ៍នេះត្រូវបានបញ្ចេញក្នុងនាមជាបណ្ដាប្រមុខការទូតមកពីរដ្ឋជាសមាជិក២៦ប្រទេស របស់សហភាពអឺរ៉ុប ហើយអ្នកការទូតទាំងអស់និយាយថា ប្រទេសហុងគ្រី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់រដ្ឋាភិបាលអ៊ីស្រាអែល គឺជាប្រទេសតែមួយគត់ដែលពុំបានចុះហត្ថលេខា។
ក្រុមរដ្ឋមន្ត្រីការបរទេសទាំងអស់បាននិយាយថា យើងបានស្នើរដ្ឋាភិបាលអ៊ីស្រាអែល កុំឲ្យចាត់វិធានការយោធាក្នុងទីក្រុងរ៉ាហ្វា ដែលនឹងដាក់បន្ទុកបន្ថែមលើស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរស្រាប់ និងកុំរារាំងការផ្ដល់សេវាជាមូលដ្ឋាន ក៏ដូចជាជំនួយមនុស្សធម៌ដែលជាតម្រូវការចាំបាច់បន្ទាន់៕