ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះការរួម ចំណែករបស់ក្រុមហ៊ុន វៀតធេលគ្រុប (Viettel Group)ក្រោមស្លាកយីហោ មិត្តហ្វូន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍ ដល់ប្រទេសកម្ពុជា ខណៈក្រុមហ៊ុន បាននាំយកសេវាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានទៅកាន់គ្រប់ទីកន្លែង និងបានជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរនោះ។
ក្នុងឱកាសខួប១៥ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនជាមួយ នឹងការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោមគំនិត «The Met's Sonata» នាល្ងាចថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះនៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ Viettel Groupចំពោះប្រទេសកម្ពុជានិងបង្ហាញពីបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងViettel Group ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថាឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុនViettel Group ដែលបានដឹកនាំក្រុមហ៊ុនមិត្តហ្វូន បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ មិត្តហ្វូន បាននាំយកសេវាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានទៅកាន់គ្រប់ទីកន្លែង និងបានជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបក៏បានលើកឡើងផងដែរថា នាថ្ងៃអនាគត ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងសមាជិកនៃក្រុមហ៊ុន Viettel Group នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅដោយនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ភាគីទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ។
ថ្លែងនៅក្នុងពិធីនោះដែរ លោក Tao Duc Thangប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Viettel Group និងមិត្តហ្វូនបានសម្តែងនូវបំណងចង់បន្តរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បីនាំមកនូវសុភមង្គល និងវិបុលភាពដល់កម្ពុជា។
លោកថ្លែងថា«ដោយមានបំណងចង់បន្តរួមចំណែក និងកសាងប្រទេសកម្ពុជា ជួយប្រជាជនកម្ពុជាឱ្យមានជីវភាពកាន់តែប្រសើរឡើង មិត្តហ្វូននឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលការសន្យារបស់យើងចាប់ពី១៥ឆ្នាំមុន និងទៅអនាគតនឹងតែងតែមាន។ ដូចជាទស្សនៈវិស័យរបស់យើងតាំងពីដើមគឺ «អ្នកច្នៃប្រឌិត និងយកចិត្តទុកដាក់»។ រាល់ដំណោះស្រាយ រាល់ផលិតផល រាល់សកម្មភាពរបស់មិត្តហ្វូននឹងខិតខំធានាថា គ្មានប្រជាជនកម្ពុជាណាដែលមិនទទួលបានប្រព័ន្ធបច្ចេកវិទ្យាឡើយ។
លោកប្រធានក្រុមហ៊ុន បានលើកឡើងទៀតថា ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៩ មិត្តហ្វូនបានបន្តយុទ្ធសាស្រ្ត «ហេដ្ឋារចនាសម្ព័ន្ធដំបូង អាជីវកម្មតាមក្រោយ» នាំយកសេវាទូរគមនាគមន៍ទៅកាន់តំបន់ឆ្ងាយបំផុត និងដាច់ស្រយាលបំផុតនៅក្នុងប្រទេសកម្ពុជា។ ការប្រារព្ធពិធីនេះបានបង្ហាញពីដំណើរការរបស់មិត្តហ្វូនដែលបានរួមចំណែកកសាងសេវាទូរគមនាគមន៍របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់សេវាទូរស័ព្ទដល់ទៅ ៩៨% នៃចំនួនប្រជាជន។
ក្នុងរយៈពេល១៥ឆ្នាំមកនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ មហាសេរីវឌ្ឍន៍ ដល់បុគ្គល និងសមូហភាពដល់ក្រុមហ៊ុន Viettel Groupនិងមិត្តហ្វូនជាការទទួលស្គាល់អំពីការរួមចំណែករបស់ពួកគេក្នុងរយៈពេល១៥ឆ្នាំកន្លងមក។ បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល១៥ឆ្នាំមិត្តហ្វូនក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ ការអភិវឌ្ឍប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន ដោយជាង១ពាន់លានដុល្លារបានចូលរួមចំណែកក្នុងថវិកាជាតិ និងជាង ១២០ លានដុល្លារអាមេរិក ឧទ្ទិសដល់គំនិតផ្តួចផ្តើមគាំទ្រសហគមន៍ និងសង្គម៕ អត្ថបទបាន ចក់









