ការប៉ះទង្គិចគ្នា បានកើតឡើង នៅក្នុងទីក្រុងហ្ស៊េរ៉ុយសាឡឹម(Jerusalem)កាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល បានដើរក្បួនទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្រោយចាកចេញពីអគាររដ្ឋសភា។

មនុស្សរាប់ពាន់នាក់បានចូលរួមការតវ៉ា អំពាវនាវឲ្យរដ្ឋាភិបាលពន្លឿនកិច្ចព្រមព្រៀងដោះលែងដំណាប់ថ្នូរឲ្យវិលត្រឡប់មកផ្ទះវិញ ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សានៅឡើយ។

អ្នកតវ៉ាម្នាក់ឈ្មោះលីរ៉ុន ប្រេតស៍ (Liron Pretz) បាននិយាយថា ពេលនេះ យើងកំពុងឈប់ហើយ យើងកំពុងប្រាប់រដ្ឋាភិបាលរបស់យើងថា សូមបញ្ឈប់ទៅ មានកិច្ចព្រមព្រៀងទៅ គ្មានឱកាសទៀតទេ គ្មាននាទីចុងក្រោយមួយទៀតទេ ហើយក៏គ្មាននាទី ទី២ដែរ។

ក្រុមអ្នកតវ៉ាបានអំពាវនាវឲ្យមានការរៀបចំការបោះឆ្នោតបន្ទាន់នៅក្នុងប្រទេសអ៊ីស្រាអែល និងបាននិយាយថា រដ្ឋាភិបាលគិតតែប្រយោជន៍ខ្លួនឯង។ ក្រុមបាតុការមួយចំនួនបានដុតភ្លើង ខណៈដែលអ្នកផ្សេងទៀត ស្រែកច្រៀងចម្រៀងស្នេហាជាតិ និងលើកបដាប្រឆាំងនឹងលោក Netanyahu។
ប៉ុន្តែលោក Netanyahu បានច្រានចោលការបោះឆ្នោតមុនអាណត្តិ ខណៈក្រុមអ្នកតវ៉ា អំពាវនាវឲ្យលោកលាលែងពីតំណែង។
មនុស្សជិត៣ម៉ឺននាក់បានស្លាប់នៅក្នុងការវាយលុកឥតឈប់ឈររបស់អ៊ីស្រាអែលនៅក្នុងតំបន់ ហ្កាហ្សា ក្រោយអ៊ីស្រាអែល វាយសងសឹកលើក្រុមហាម៉ាស ដែលបានបើកការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ខែតុលា សម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រមាណ ១.២០០នាក់ និងចាប់មនុស្សជាង២៥០នាក់ជាចំណាប់ថ្នូរចូលទៅក្នុងតំបន់ហ្កាហ្សា៕