លោកស្រី យូលា ណាវ៉ាលណាយ៉ា (Yulia Navalnaya) បាននិយាយកាលពីថ្ងៃចន្ទ (១៩ កុម្ភៈ) ថាលោកស្រីនឹងបន្តការប្រយុទ្ធរបស់ស្វាមីខ្លួនដែលបានស្លាប់គឺអតីតមេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) ដើម្បីទាមទារ «សេរីភាពរុស្ស៊ី» ហើយបានអំពាវនាវឱ្យអ្នកគាំទ្រក្រោកប្រឆាំងនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយកំហឹង។

ការអំពាវនាវរបស់លោកស្រី ណាវ៉ាលណាយ៉ា ពីបរទេសសម្រាប់ការតស៊ូនឹងលោក ពូទីន នេះកើតឡើងតិចជាងមួយខែមុនពេលការបោះឆ្នោតប្រធានាធិបតី ដែលស្ទើរតែប្រាកដក្នុងការប្រគល់តំណែងប្រធានវិមានក្រឹមឡាំង ឱ្យលោក ពូទីន រយៈពេលប្រាំមួយឆ្នាំទៀត។

លោកស្រីបានចោទលោក ពូទីន ថាបានសម្លាប់ស្វាមីរបស់ខ្លួន ហើយបានពង្រាត់កូនពីរនាក់ចេញពីឪពុករបស់ពួកគេ។
លោកស្រី ណាវ៉ាលណាយ៉ា បានចោទប្រកាន់អាជ្ញាធររុស្ស៊ី ថាបានលាក់សាកសពរបស់លោក ណាវាលនី និងរង់ចាំឱ្យដាននៃភស្តុតាងធ្វើឃាតរលុបបាត់ពីរាងកាយ។
លោកស្រីមិនបានផ្តល់ភស្តុតាងទេ ប៉ុន្តែបាននិយាយថា ក្រុមរបស់ខ្លួននឹងផ្សាយព័ត៌មានលម្អិតអំពីអ្នកដែលសម្លាប់លោក ណាវាលនី៕
