លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានថ្លែងកាលពីថ្ងៃចន្ទថា ទោះបីជាក្នុងករណីដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក៏ដោយ អ៊ីស្រាអែល នឹងរក្សាការគ្រប់គ្រងយោធាលើទឹកដីប៉ាឡេស្ទីនទាំងអស់។

លោកណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសារវីដេអូមួយថា៖«ក្នុងករណីណាក៏ដោយ ដោយមានឬគ្មានការតាំងទីលំនៅអចិន្ត្រៃយ៍ អ៊ីស្រាអែលនឹងរក្សាការគ្រប់គ្រងសន្តិសុខពេញលេញលើគ្រប់តំបន់នៅភាគខាងលិចនៃទន្លេហ្ស៊កដង់ (Jordan) រួមទាំងតំបន់វេសបែង( West Bank) និងហ្កាហ្សាស្ទ្រីប (Gaza Strip) ។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល បាននិងកំពុងអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលមើលឃើញការរួមរស់ដោយសន្តិភាពរបស់អ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន ដោយផ្អែកលើព្រំដែននៃទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកាន់កាប់តាំងពីឆ្នាំ ១៩៦៧ គឺតំបន់វេសបែង ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត និងតំបន់ហ្កាហ្សា។
ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងជំរុញឲ្យមានដំណោះស្រាយរដ្ឋពីរដែលជាមធ្យោបាយមួយ ដើម្បីបញ្ចប់ទាំងសង្រ្គាមហ្កាហ្សាបច្ចុប្បន្ន និងជម្លោះមជ្ឈិមបូព៌ាដែលមានអាយុកាលរាប់ទសវត្សរ៍ហើយនោះ។
ម៉្យាងវិញទៀត លោកណេតាន់យ៉ាហ៊ូ ដែលជាអ្នកនយោបាយអ៊ីស្រាអែលស្តាំនិយម បានកសាងអាជីពនយោបាយដ៏យូរអង្វែងរបស់ខ្លួនក្នុងកម្រិតធំមួយ លើការប្រកាសប្រឆាំងរបស់លោកចំពោះដំណោះស្រាយរដ្ឋទាំងពីរ ហើយលោកក៏បានរំលឹកឡើងវិញនូវជំហរមានអាយុកាលច្រើនទសវត្សរ៍ កាលពីថ្ងៃចន្ទផងដែរ។