ប្រទេសអ៊ីរ៉ង់ នៅតែបន្តបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមលើសពីតម្រូវការសម្រាប់ការប្រើប្រាស់នុយក្លេអ៊ែរពាណិជ្ជកម្ម បើទោះបីជាមានសម្ពាធពីអង្គការសហប្រជាជាតិឱ្យបញ្ឈប់ក៏ដោយ នេះបើយោងតាមប្រធានទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី (Rafael Grossi) បាននិយាយកាលពីថ្ងៃចន្ទ (១៩ កុម្ភៈ) ដោយបន្ថែមថាលោកចង់ទៅកាន់ទីក្រុងតេអេរ៉ង់ នៅខែក្រោយនេះជាលើកទីមួយក្នុងរយៈពេលមួយឆ្នាំ ដើម្បីបញ្ចប់សកម្មភាពនោះ។

ថ្លែងទៅកាន់សារព័ត៌មានរ៉យទ័រ បន្ទាប់ពីលោកបានពន្យល់សង្ខេបរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបអំពីប្រធានបទនេះ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិរូនេះបាននិយាយថា ខណៈដែលល្បឿននៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបានថយចុះបន្តិចចាប់តាំងពីចុងឆ្នាំមុនមក អ៊ីរ៉ង់នៅតែកំពុងបង្កើនការចម្រាញ់ក្នុងអត្រាកើនឡើងនៅជុំវិញចំនួន ៧ គីឡូក្រាមនៃសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងមួយខែទៅកម្រិត ៦០% នៃភាពបរិសុទ្ធ។

ការពង្រឹងដល់កម្រិត ៦០% នៃភាពបរិសុទ្ធ ធ្វើឱ្យសារធាតុអ៊ុយរ៉ានីញ៉ូម ជិតឈានដល់ថ្នាក់អាវុធ ហើយកម្រិតនោះគឺមិនចាំបាច់ទេសម្រាប់ការប្រើប្រាស់ពាណិជ្ជកម្មក្នុងការផលិតថាមពលនុយក្លេអ៊ែរ។ អ៊ីរ៉ង់បដិសេធការបង្កើតអាវុធនុយក្លេអែរ ប៉ុន្តែមិនមានរដ្ឋណាមួយដែលពន្លឿនសារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិតនោះដោយមិនផលិតអាវុធទេ៕
