ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ក្នុងទីក្រុងហ្កាហ្សា ដែលត្រូវបានបោះបង់ចោល និងត្រូវបំផ្លាញ ឈរជាការរំលឹកយ៉ាងច្បាស់អំពីកម្រិតនៃការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅដែលពលរដ្ឋហ្កាហ្សា បានទទួលរងក្នុងអំឡុងពេលការវាយលុករបស់យោធារបស់អ៊ីស្រាអែល លើតំបន់ប្រយុទ្ធមួយនេះ។

ថ្វីត្បិតតែបរិវេណនេះមានឋានៈជាអន្តរជាតិ និងតួនាទីជាជម្រកកំឡុងពេលមានជម្លោះក៏ដោយ ទីស្នាក់ការនេះត្រូវបានលុកលុយដោយកងទ័ពអ៊ីស្រាអែល អមដោយរថក្រោះ និងគ្រឿងឈូសឆាយ។ ប្រជាជនប៉ាឡេស្ទីនរាប់សិបម៉ឺននាក់ដែលភៀសខ្លួនចេញពីកន្លែងផ្សេងទៀតនៃតំបន់ហ្កាហ្សា ធ្លាប់បានជ្រកកោននៅក្នុងបរិវេណនោះមុនពេលដែលកងទ័ពអ៊ីស្រាអែល បានចូលកាន់កាប់។

ភាគីអ៊ីស្រាអែល បានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA ដោយអះអាងថា បុគ្គលិករបស់ទីភ្នាក់ងារនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកហាម៉ាស លើអ៊ីស្រាអែល ដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន ហើយថាក្រុមហាម៉ាស មានផ្លូវរូងក្រោមដីរត់នៅក្រោមបរិវេណនេះ ហើយបានទទួលការផ្គត់ផ្គង់ថាមពលដែលផ្តល់ពីអគារអង្គការសហប្រជាជាតិនៅខាងលើនោះផងដែរ។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ីស្រាអែល ប្រទេសលោកខាងលិចមួយចំនួនបានកាត់ផ្តាច់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ UNRWA ដែលរួមចំណែកដល់មហន្តរាយមនុស្សធម៌ ដែលកំពុងកើតមានរួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា៕