ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសយោធាអ៊ីស្រាអែល កាលពីថ្ងៃចន្ទចំពោះការចោទប្រកាន់អំពីការប្រហារជីវិត និងការរំលោភផ្លូវភេទលើជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ ហ្កាហ្សា។

អ្នកជំនាញឯករាជ្យដែលមានទំនាក់ទំនងជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការចោទប្រកាន់នេះ គឺជា «ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ» ដោយបន្ថែមការរិះគន់លើកិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ខណៈដែលយោធារបស់ខ្លួន ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំវាយលុកថ្មើរជើងលើទីក្រុងរ៉ាហ្វា(Rafah)។

ជាពិសេស ក្រុមអ្នកជំនាញ បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះរបាយការណ៍នៃ «ការកំណត់គោលដៅដោយចេតនា និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ» លើស្ត្រី និងកុមារប៉ាឡេស្ទីន នៅតំបន់ហ្កា ហ្សា ដោយទាហានអ៊ីស្រាអែល រួមទាំងអ្នកដែលកាន់ក្រណាត់ស ឬរត់គេចខ្លួន។
ពួកគេ ក៏បានថ្កោលទោស «ការឃុំខ្លួនដោយបំពាន» លើស្ត្រី និងកុមារប៉ាឡេស្ទីនរាប់រយនាក់ជាមួយនឹង «ការធ្វើបាបដ៏អមនុស្សធម៌ និងថោកទាប» រួមទាំងគ្មានការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ។

ក្រុមអ្នកជំនាញបានបញ្ជាក់ថា៖«យើងមានការព្រួយចិត្តជាខ្លាំងចំពោះរបាយការណ៍ដែលថាស្ត្រី និងក្មេងស្រីប៉ាឡេស្ទីននៅក្នុងការឃុំឃាំង ក៏ត្រូវបានទទួលរងនូវការរំលោភផ្លូវភេទជាច្រើនទម្រង់ផងដែរ ដូចជាត្រូវបានដោះអាវអាក្រាត និងស្វែងរកដោយមន្ត្រីយោធាអ៊ីស្រាអែលជាបុរស។ «យ៉ាងហោចណាស់អ្នកជាប់ឃុំជនជាតិប៉ាឡេស្ទីនពីរនាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេចាប់រំលោភ ខណៈពេលដែលអ្នកផ្សេងទៀត ត្រូវបានគេរាយការណ៍ថា ត្រូវបានគំរាមកំហែងដោយការចាប់រំលោភ និងអំពើហិង្សាផ្លូវភេទ»។