ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តវិធានការក្ដៅចំពោះម្ចាស់ទីតាំង លក់រថយន្តមួយចំនួនស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ។
បងប្អូនអាជីវករមួយចំនួនមិនគោរពតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយរឹងទទឹងតាំងលក់រថយន្តរំលោភលើចិញ្ជើមផ្លូវមិនរក្សាចិញ្ជើមទុកសម្រាបអ្នកថ្មើរជើង ឬជនពិការភាពនោះឡើយ ត្រូវបានកម្លាំងសណ្ដាប់ធ្លាប់ខណ្ឌធ្វើការស្ទួចរថយន្តមករក្សាទុកនៅសាលាខណ្ឌ តែម្ចាស់ទីតាំងមិនត្រឹមតែមិនអនុវត្តតាមវិធានការរដ្ឋបាលនោះទេ ថែមទាំងរឹងទទឹងជាមួយអាជ្ញាធរទៀតផងដែរ។
គួរបញ្ជាក់ផងដែរ កាលពថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចេញសេចក្ដីជូនដំណឹងមួយលេខ 588/21 សជណ ស្តីពីការបញ្ឈប់ការដាក់តាំងលក់រថយន្តនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ។
យោងតាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា រដ្ឋបាលខណ្ឌដូនពេញ កន្លងមកបានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ។ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌ បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឱ្យមាន ការកកស្ទះចរាចរណ៍តាមដងផ្លូវផងដែរ៕
អត្ថបទ៖ កុម្ភះ