គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះគឺមានរយៈពេល១០ថ្ងៃហើយនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នេះ ខណៈដែលស្ថានភាពទូទៅគឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា ស្ថានភាពទូទៅនៅថ្ងៃទី១០ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆាំ្ន២០២៤នេះ គឺពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមកម្មវិធីដែលគណបក្ស នយោបាយនីមួយៗបានគ្រោងទុក។
តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ ដោយនៅភូមិភាគទី២ មានការចាក់មេក្រូផ្សព្វផ្សាយ និងនៅភូមិភាគផ្សេងទៀមានការជួបប្រជុំចុះជួបអ្នកបោះឆ្នោត ចែកខិត្តបណ្ណ និងបង្រៀនគូសសន្លឹកឆ្នោត។
គណបក្ស ឆន្ទៈខ្មែរ មានសកម្មភាពជួបប្រជុំនៅរាជធានីភ្នំពេញ នៃភូមិភាគទី១ និងនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង នៃភូមិភាគទី៨ ហើយមានសកម្មភាពចែកខិត្តបណ្ណ ជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តព្រៃវែងនៃភូមិភាគទី៦។
ចំណែក គណបក្សហ៊្វុនស៊ិនប៉ិច មានសកម្មភាពចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧។ រីឯ គណបក្ស កម្លាំងជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃទី១០ នៃយុទ្ធនាការនេះទេ។
គ.ជ.ប បញ្ជាក់ថា «ជាទូទៅការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃ១០ នៃយុទ្ធនាការនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ»។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀ។ អ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងសរុបមានចំនួន ១១,៧៤៧ នាក់ដែលបែងចែកជា ៨ ភូមិភាគ និង ៣៣ ការិយាល័យបោះឆ្នោត៕ អត្ថបទ៖ វ៉ន ដារ៉ា
