មកដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤នេះ មានពលរដ្ឋខ្មែរប្រកបរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើបណ្ណបេឡាជាតិសន្តិសុខសង្គម ប.ស.ស មានប្រមាណជាង ១៤ម៉ឺន ៦ពាន់នាក់ និងបានផ្តល់បណ្ណមូលនិធិសមធម៌ ម.ស.ស ជាច្រើនរូបទៀតជូនពលដ្ឋក្រីក្រ និងងាយរងហានិភ័យ។ តាមរយៈគោលនយោបាយនេះ បណ្តាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះដែលបានរួមចំណែកលើកកម្ពស់ជីវភាព និងសុខភាពរបស់ពលរដ្ឋ។
ពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី២០ខែកុម្ភៈនេះ ថា ការពង្រីកគោលនយោបាយផ្តល់បណ្ណ ប.ស.ស និងបណ្ណ ម.ស.ស ជូនពលរដ្ឋបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងហានិភ័យនេះ ពិតជាបានរួមចំណែកខ្លាំងក្នុងការជួយសម្រាលជីវភាព និងការថែទាំសុខភាព ជាពិសេស នៅពេលពលរដ្ឋមានត្រូវការប្រើប្រាស់សេវាសុខាភិបាលព្យាបាលជំងឺផ្សេងៗ។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា មកដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំ២០២៤នេះ ពោលនៅក្នុងរយៈពេល៦ខែ នៃរាជរដ្ឋាភិបាលថ្មីអណត្តិទី៧នេះ មានពលរដ្ឋខ្មែរប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចុះបញ្ជីធ្វើបណ្ណបេឡាជាតិសន្តិសុខសង្គម ប.ស.ស មានប្រមាណជាង១៤ម៉ឺន៦ពាន់នាក់ ក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ចំនួន ១២ម៉ឺន ៣ ពាន់នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ប្រមាណជាង ២៣០០០ នាក់ទៀត៕ អត្ថបទ៖ ស៊ុម សុខជា


