តម្លៃបរិមាណផលិតផលសរុប សម្រាប់ការអនុវត្តក្នុងឆ្នាំ ២០២៣ សម្រេចបានទំហំទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារអាមេរិក បានកើនជាង ៥៣១លានដុល្លារអាមេរិក ស្មើប្រមាណជាង ៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកឡើង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ទាក់ទិនវិស័យឧស្សាហកម្ម, គឺជាវិស័យមួយជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ក្នុងនោះក្រសួងបានដាក់ចេញនូវយន្តការ ការងារសំខាន់ៗជាច្រើន ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ រួមមាន៖ ការងារគ្រប់គ្រងរោងចក្រ, ការងារបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម, ការងារកម្មសិទ្ធិឧស្សាកម្ម និងការងារជំរុញចលនាផលិតភាព។

ជាក់ស្តែងនៅឆ្នាំ ២០២៣ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការ មានសរុបចំនួន ២ ១២៥ រោងចក្រ កើនឡើងជាង ៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ក្នុងនោះមានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន ២៤១ និងបិទទ្វារចំនួន ៩៨ ពោលគឺបានកើនចំនួន ១៤៣ រោងចក្រ និងបានផ្តល់ការងារមានចំនួនជាង ១ លានកន្លែង, និងមានទុនវិនិយោគសរុបក្នុងឆ្នាំ ២០២៣ ចំនួនជាង ១៨ ពាន់ លានដុល្លារអាមេរិក កើនឡើងជាង ១១ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ។
ជុំវិញវិស័យឧស្សាហកម្មនេះដែរ, កម្ពុជាមានតម្លៃបរិមាណផលិតផលសរុប មានចំនួនជាង ១៦ ពាន់លានដុល្លារអាមេរិក កើន ឡើងជាង ៣ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះសម្រាប់បម្រើផលិតផលក្នុងស្រុកមានចំនួនជាង ៤ ពាន់លានដុល្លារអាមេរិក មានការថយចុះជាង ២២៨ លានដុល្លារអាមេរិក ស្មើប្រមាណជាង ៥ ភាគរយ, ខណៈការនាំចេញមានចំនួនជាង ១២ ពាន់លាន ដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ៧៥៩ លានដុល្លារអាមេរិក ត្រូវជាង ៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២៕ អតបទ៖ សុន រ៉ាឌី
