ពោធិ៍សាត់ ៖ អគាសិក្សាមួយខ្នងស្មើនិង៦បន្ទប់ បំពាក់ដោយសម្ភារៈ និងឧបករណ៍ប្រើប្រាស់ចំណាយថវិកាចំនួន៨៤០០០ម៉ឺនដុល្លាអាមេរិក នៅក្នុងសាលាបឋមសិក្សាវាលនិន្ទ្រា ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លា របស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា និង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត។

ពិធីនេះមានការចូលរួមពីលោកជំទាវ កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មានព្រឹទ្ធសភា លោកជំទាវ សុង ឡេងបូរ៉ា នាយិកាពិធីការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូនិងក្មួយៗសិស្សានុសិស្សជាច្រើននាក់។

លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានលើកឡើងថា ដោយមើលឃើញការកើនឡើង នៃចំនួនសិស្ស និងជួបកង្វះខាតនូវអគារសិក្សានៅក្នុងសាលាបឋមសិក្សាវាលនិន្ទ្រានោះ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន លោកជំទាវ សុង ឡេងបូរ៉ា នាយិការពិធី ការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា បានស្នើសុំទៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។ ក្រោយពីទទួលបាននូវសំណើរស្ថានទូតយល់ព្រមផ្តល់នូវអគាសិក្សា ១ខ្នង ស្មើនឹង៦បន្ទប់ និងចាប់ផ្តើមកសាងនាខែមិថុនា និងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបំពាក់នូវសម្ភារៈសិក្សា ឧបករណ៍ប្រើប្រាស់ ចំណាយថវិកាអស់ចំនួន៨៤.០០០ដុល្លាអាមេរិក ក្រៅពីនោះលោកជំទាវ កិត្តិនីតិកោលសបណ្ឌិត ទី បូរ៉ាស៊ីថវិកាជិត៧ពាន់ដុល្លាអាមេរិកសម្រាប់ធ្វើដងទង់ ចាក់ដីបំពេញទីធ្លាសាលា ដាក់ប្រព័ន្ធភ្លើង និងជួសជុលអគារមួយចំនួនផងដែរ។ តាមរយៈនេះលោកបានស្នើសុំអគាសិក្សានៅអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ និងវិទ្យាល័យហ៊ុនសែនក្រវាញដែលជួបបញ្ហាប្រឈមដោយក្នុងមួយថ្នាក់សិស្សមានរហូត៧០នាក់ខុសពីនិយាមដែលក្រសួងបានកំណត់។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានសម្តែងនូវទឹកចិត្តរីករាយ ដោយបានឃើញអំពីសមិទ្ធិផលថ្មីមួយទៀត គឺអគារសិក្សាមួយខ្នងស្មើនឹង៦បន្ទប់ព្រមទាំងបំពាក់ឧបករណ៍ប្រើប្រាស់ជាអំណោយរបស់ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាដែល បានផ្តល់ជូនប្រជាជននិងក្មួយៗសិស្សានុសិស្សនៅក្នុងតំបន់ដាច់ស្រយាល។ តាមរយៈនេះសូមឱ្យមាតា បិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សនៅក្នុងតំបន់ដាច់ស្រយាលបន្តជំរុញកូនចៅមករៀន និងរៀនឱ្យបានទៀងទាត់រាល់ថ្ងៃ ថែរក្សាការពារនូវសមិទ្ធផលដែលមានឱ្យបានគង់វង្ស សម្អាតបរិស្ថានអនាម័យព្រោះថាសាលារៀនគឺជាថ្នាលបណ្តុះនូវធនធានមនុស្សមានចំណេះដឹង ចំណេះធ្វើមានគុណធម៌ហើយស្ថានទូតនៅបន្តចូលរួម និងមានកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាពិសេសជាមួយរដ្ឋបាលខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងនូវអំណរគុណចំពោះអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិន ក្រោមការខិតខំប្រឹងប្រែងពីសំណាក់លោកជំទាវកិត្តិនីតិកោសលបណ្ឌិតទី បូរ៉ាស៊ី និងលោកជំទាវ ឯម ប៉ុណ្ណាទើបទទួលបាននូវអគាសិក្សា ១ ស្មើនឹង៦បន្ទប់នេះដើម្បីបំពេញបន្ថែមស្របពេលសិស្សនៅសាលានេះចេះតែមានការកើនឡើងជារៀងរាល់ឆ្នាំ។ អគារសិក្សាថ្មីមួយនេះគឺជាសក្ខីភាពមួយបញ្ចាក់ឱ្យឃើញនូវចំណងសាមគ្គីមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជានិងសាធា រណរដ្ឋប្រជាមានិតចិនកាន់តែរឹងមាំ គង់វង្ស ស្ថិតស្ថេរ ជាគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរកាន់តែយល់ចិត្ត គាំទ្រគ្នាគ្រប់កាលៈទេសៈ ជាមហាមិត្តដ៏ល្អ និង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ឯកឧត្តម បានថ្លែងបញ្ជាក់ថា វិស័យអប់រំនៅប្រទេសកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាកក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ព្រមទាំងបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១(២០២៣-២០២៨)ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាពដែលមានការកែទម្រង់ និងពង្រឹងអភិបាលកិច្ចជាស្នូលដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រុំសមិទ្ធផលជាតិ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជានិយាយរួមដោយឡែកនៅខេត្តពោធិ៍សាត់កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះឯកឧត្តម អគ្គររដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញចែកអំណោយជានិមិត្តរូបសម្រាប់សិស្ស៣០៧នាក់ និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធអគារសិក្សាជាផ្លូវការនាពេលនោះផងដែរ៕






