អាជ្ញាធរម៉ិកស៊ិក បាននិយាយកាលពីយប់ថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាមនុស្សយ៉ាងហោចណាស់ ១២ នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារមួយជាមួយកងកម្លាំងសន្តិសុខនៅភាគខាងជើងប្រទេសម៉ិកស៊ិក នៅជិតព្រំដែនជាមួយសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសន្តិសុខរបស់រដ្ឋ តាម៉ាវលីប៉ាស (Tamaulipas) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅលើបណ្ដាញសង្គម X ថាក្រុមទាហានកំពុងល្បាតនៅក្នុងក្រុង មីហ្គែល អាឡេម៉ាន (Miguel Aleman) តាមបណ្តោយព្រំដែនរដ្ឋតិចសាស់ (Texas) នៅពេលដែលពួកគេត្រូវបានវាយប្រហារដោយ «ជនស៊ីវិលប្រដាប់អាវុធ»។

ទីភ្នាក់ងារនេះមិនបានឆ្លើយតបនឹងសំណួរថាតើមានទាហានណាម្នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងការបាញ់ប្រហារនោះ ឬយ៉ាងណាទេ។ ក្រុមអាជ្ញាធរបាននិយាយថា រដ្ឋ តាម៉ាវលីប៉ាស មានក្រុមឧក្រិដ្ឋកម្មជាច្រើន ដែលសកម្មភាពសំខាន់ៗរបស់ពួកគេរួមមានការរត់ពន្ធមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម៕
