ក្រុមប្រជាកសិករសាធារណរដ្ឋឆែករាប់រយនាក់ បានបើកត្រាក់ទ័ររបស់ពួកគេចូលទៅក្នុងទីក្រុងប្រាក់(Prague) កាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ បណ្ដាលឲ្យកកស្ទះចរាចរណ៍នៅខាងក្រៅក្រសួងកសិកម្ម ខណៈពួកគេបានរួមគ្នាតវ៉ាប្រឆាំងនឹងការហក់ឡើងខ្ពស់នៃតម្លៃថាមពល ការិយាធិបតេយ្យឬប្រព័ន្ធគ្រប់គ្រងសាំញ៉ាំរបស់រដ្ឋ និងកិច្ចព្រមព្រៀងបៃតង Green Deal ឬកិច្ចព្រមព្រៀងបរិស្ថានរបស់សហភាពអឺរ៉ុប។

ក្រុមប្រជាកសិករទូទាំងអឺរ៉ុប បានចេញតវ៉ាតាមដងផ្លូវនានានៅឆ្នាំនេះ រួមទាំងប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលីជាដើម ដើម្បីប្រឆាំងទៅនឹងអ្វីដែលពួកគេនិយាយថា ការលក់ផលិតផលកសិកម្មរបស់ខ្លួនមានតម្លៃទាប ការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃនៅលើទីផ្សារមានតម្លៃខ្ពស់ ការនាំចូលទំនិញពីប្រទេសក្រៅមានតម្លៃទាប និងការមិនស្មើរបស់សហភាពអឺរ៉ុបលើបញ្ហាបម្រែបម្រួលអាកាសធាតុ។

ក្រុមប្រជាកសិករសាធារណរដ្ឋឆែក គ្រោងចូលរួមការតវ៉ាជាបន្តបន្ទាប់នៅសប្ដាហ៍នេះ ទោះបីជាសហគមកសិកម្មធំៗដកខ្លួនចេញឆ្ងាយពីការតវ៉ាកាលពីថ្ងៃចន្ទក៏ដោយ ដោយមានត្រាក់ទ័រជាច្រើនគ្រឿង បានបិទផ្លូវសំខាន់មួយទៅកាន់ទីក្រុងប្រាក់ ប៉ុន្តែពុំបង្ហាញបង្កឲ្យកកស្ទះចរារចណ៍ខ្លាំងទេ។
មនុស្សរាប់រយនាក់ផ្លុំកញ្ចែ ហើយក្រុមបាតុការផ្សេងទៀត បានប្រមូលផ្ដុំគ្នានៅខាងក្រៅក្រសួងកសិកម្ម។
ក្រុមអ្នករៀបចំការតវ៉ា គ្រោងនឹងចូលរួមការតវ៉ាជាមួយក្រុមប្រជាកសិករអឺរ៉ុបផ្សេងទៀត នៅច្រកឆ្លងកាត់ព្រំដែននានានៅថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈសប្ដាហ៍នេះ ហើយការតវ៉ានោះដែរ នឹងមិនមែនជាផ្នែកមួយនៃការតវ៉ាដោយការបើកត្រាក់ទ័រនោះទេ៕