យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួននឹងកាន់កាប់ទីតាំងការពារថ្មី នៅភាគខាងកើត និងវាយរុញច្រានការប៉ុនប៉ងរបស់រុស្ស៊ីវាយលុករុលទៅមុខ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការដកថយរបស់ពួកគេពីទីក្រុង Avdiivka ដែលត្រូវបានដណ្តើមយក។ វីដេអូរបស់យោធា ដែលបានចេញផ្សាយផ្សាយដោយអ៊ុយក្រែន បង្ហាញពីទិដ្ឋភាពនៅសមរភូមិ រួមទាំង ទាហានអ៊ុយក្រែន ដែលកំពុងការពារនៅខាងក្នុងអគារឧស្សាហកម្មជាច្រើនកន្លែង។

លោក Andrii Teren មេបញ្ជាការកងពលលេខ ១១០ បាននិយាយថា រុស្ស៊ី បានធ្វើឲ្យអ្នកការពារចុះខ្សោយ។ «យើងពុំមានទាហានគ្រប់គ្រាន់នោះទេ យើងពុំមានគ្រាប់ផ្លោងគ្រប់គ្រាន់ យើងពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីវាយរុញច្រាននោះទេ។ ប្រសិនបើយើងមានគ្រាប់ច្រើន នោះយើងអាចបញ្ឈប់សត្រូវ ប៉ុន្តែជាអកុសល យើងពុំមានទេ។

វីដេអូ ដែលបានចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃចន្ទ បានបង្ហាញពីការវាយប្រហារលើរោងចក្រកូកាកូឡារបស់ទីក្រុង Avdiivka ដែលបច្ចុប្បន្ននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ការដួលរលំរបស់ទីក្រុង Avdiivka បានផ្តល់ទៅឱ្យវិមានក្រឹមឡាំងនូវការរុលទៅមុខក្នុងសមរភូមិធំបំផុតរបស់ខ្លួន ចាប់តាំងពីខែឧសភា នៅពេលដែលទីក្រុង Bakhmut ត្រូវបានដណ្តើមយក ហើយជាសញ្ញាច្បាស់បំផុត ដែលទំនោរនៃសង្គ្រាម បានប្រែក្លាយទៅជាការពេញចិត្តរបស់រុស្ស៊ី។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកាណាដា នឹងផ្តល់ជំនួយប្រព័ន្ធយានដ្រូនពហុបេសកកម្ម SkyRanger R70 ជាង ៨០០ គ្រឿង ដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយក្នុងសង្គ្រាមរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ ក្រសួងការពារជាតិរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២មក ប្រទេសកាណាដា បានសន្យាផ្តល់ជំនួយជាង ៩,៧ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន រួមទាំងជំនួយយោធាជាង ២,៤ ពាន់លានដុល្លារកាណាដា ផងដែរ។