ប្រទេសអូស្ត្រាលី បានឲ្យដឹងនៅថ្ងៃអង្គារទី២០កុម្ភៈសប្ដាហ៍នេះថា ខ្លួននឹងវិនិយោគកញ្ចប់ថវិកាក្នុងវិស័យយោធាចំនួន១១,១ពាន់លានដុល្លារអូស្ត្រាលីបន្ថែមទៀត ដល់កងកម្លាំងកងទ័ពជើងទឹកនាពេលអនាគត និងបង្កើនវិស័យឧស្សាហកម្មផលិតនាវារបស់ប្រទេសនេះ។

លោក រីឆាដ ម៉ាឡេស(Richard Marles)រដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការបន្ថែមកញ្ចប់មូលនិធិសម្រាប់អង្គភាពកងទ័ពនឹងនាំមកនូវទាំងការអភិវឌ្ឍនជំនាញ និងការវិនិយោគប្រកបដោយនិរន្តរភាពក្នុងវិស័យកងទ័ពជើងទឹក នឹងកើនឡើងសរុបដល់៥៤,២ពាន់លានដុល្លារអូស្ត្រាលី នៅរយៈពេល១០ឆ្នាំខាងមុខ។

អង្គភាពងទ័ពជើងទឹកនេះ ក៏នឹងទទួលបាននាវាចម្បាំងពី១១ ដល់២៦គ្រឿង ផងដែរ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី២មក។
ប្រទេសអូស្ត្រាលី កំពុងសំឡឹងរកការទប់ទល់សមត្ថភាពការពារជាតិរបស់ចិន ស្របពេលមានក្ដីបារម្ភអំពីការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងឥទ្ធិពលរបស់ចិនដែលចេះតែកើនឡើងនៅក្នុងចំណោមប្រទេសមួយចំនួននៅមហាសាគរប៉ាស៊ីហ្វិក។

គួររម្លឹកថា ការពិនិត្យឡើងវិញជាយុទ្ធសាស្ត្រនៃវិស័យការពារជាតិរបស់រដ្ឋាភិបាលនេះ កាលពីឆ្នាំមុន បាននិយាយថា ការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងអាមេរិក និងចិន កំពុងកក្រើកខ្លាំងនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយថាការប្រកួតប្រជែងគ្នារបស់មហាអំណាចធំៗបានបង្កឲ្យមានជម្លោះដ៏ធ្ងន់ធ្ងរ៕