ក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សានៅតាមមន្ទីរពេទ្យធំៗរបស់កូរ៉េខាងត្បូង សន្យាដើរចេញពីថ្នាក់រៀន នៅថ្ងៃអង្គារទី២០កុម្ភៈនេះ តវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបញ្ជូននិស្សិតកាន់តែច្រើនចូលសិក្សាសាលាពេទ្យ ដែលបង្កឲ្យមានក្ដីបារម្ភថា នឹងមានការពន្យាពេលក្នុងការវះកាត់ និងការព្យាបាលអ្នកជំងឺ។

សារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃអង្គារនេះដោយសំអាងប្រភពពីក្រសួងសុខាភិបាល របស់ប្រទេសនេះថា និសិ្សតពេទ្យវេជ្ជបណ្ឌិតចុះកម្មសិក្សាកូរ៉េខាងត្បូងសរុប៦.៤១៥ នាក់ នៅតាមមន្ទីរពេទ្យបានដាក់លិខិតលាលែងពីការងារជាការតវ៉ាប្រឆាំងទៅនឹងផែនការរដ្ឋាភិបាលក្នុងការបង្កើនចំនួននិសិ្សតពេទ្យទោះបីជាមានបញ្ជាពីរដ្ឋាភិបាលឲ្យបន្តធ្វើការងារក៏ដោយ។

មុនសកម្មភាពឧស្សាហកម្មដែលបានគ្រោងទុក មន្ទីរពេទ្យធំៗជាច្រើន បាននិយាយថា ពួកគេកំពុងសម្របសម្រួលកាលវិភាគការវះកាត់ និងព្យាបាលអ្នកជំងឺ។
លោកនាយករដ្ឋមន្ត្រីហាន ឌុក ស៊ូ (Han Duck-soo) បានអង្វរករក្រុមវេជ្ជបណ្ឌិតកុំឲ្យយកអាយុជីវិត និងសុខភាពរបស់មនុស្សជាធ្វើចំណាប់ថ្នូរ។
លោកក៏បានបញ្ជាឲ្យមានវិធានការបន្ទាន់ផងដែរ ដូចជាការប្រើប្រាស់ការពិគ្រោះយោប់ផ្នែកវិទ្យាសាស្ត្រពីចំងាយ ការបង្កើនប្រតិបត្តិការនៅតាមមន្ទីរពេទ្យសាធារណៈ និងការបើកឃ្លីនិកយោធាជាដើម។
រដ្ឋាភិបាល គ្រោងបន្ថែមចំនួនចុះកម្មសិក្សាសាលាពេទ្យឲ្យដល់២ពាន់នាក់ដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០២៥ខាងមុខ ខណៈមានគោលដៅបន្ថែមឲ្យដល់១ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣៥ ។ ចំនួននិស្សិតពេទ្យចូលសិក្សាប្រចាំឆ្នាំគឺប្រហែល៣ពាន់នាក់៕