នេះគឺជាទីផ្សារតូចមួយនៅទីក្រុង Kituku នៅលើច្រាំងនៃបឹង Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្ននេះ វាជាប្រភពអាហារដ៏សំខាន់សម្រាប់មនុស្សជាងពីរលាននាក់ រួមទាំងអ្នកដែលបានភៀសខ្លួនចេញពីអំពើហិង្សានៅភាគខាងកើតរបស់ប្រទេស។
បញ្ហានេះ វាបានកើតឡើង បន្ទាប់ពីជម្លោះកាន់តែខ្លាំងឡើងរវាងកងទ័ព និងក្រុមឧទ្ទាម ដែលបានបង្អាក់ការផ្គត់ផ្គង់ដល់ទីក្រុង Goma ភាគខាងកើត។ ផ្លូវជាច្រើនខ្សែត្រូវបានកាត់ផ្តាច់ ដែលបានបន្សល់ទុកឲ្យប្រជាជនដូចជាអ្នកលក់ចេក នាង Nyota ត្រូវពឹងផ្អែកលើការផ្គត់ផ្គង់តិចតួច ដែលចូលមកដល់ទីក្រុង Kituku តាមរយៈទូក។

នាង Nyota ព្រួយបារម្ភពីទុរ្ភិក្សដែលជិតមកដល់ ប្រសិនបើស្ថានភាពនេះនៅតែបន្ត។ អាជ្ញាធររបស់ប្រទេស ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ពួកគេដើម្បីបញ្ចប់សង្រ្គាម។ វាប្រាកដណាស់ថា បន្ទាប់ពីសង្គ្រាម អ្វីៗនឹងល្អប្រសើរ។

ពួកគេត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចប់សង្រ្គាមនេះ។ ការប៉ះទង្គិចគ្នានៅតាមក្រុង និងភូមិនានា ជុំវិញទីរួមខេត្ត បានកើនឡើងតាំងពីដើមឆ្នាំមក។ ខណៈក្រុមឧទ្ទាម M23 បានដណ្តើមយកទឹកដី មនុស្សរាប់ពាន់នាក់បានស្វែងរកទីជ្រកកោនក្នុងទីក្រុង Goma។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សប្រហែល ១៣៥.០០០នាក់ បានភៀសខ្លួនចេញពីទីក្រុង សាកេ(Sake) ក្នុងសប្តាហ៍កន្លងទៅនេះ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានព្រមានថា ជម្លោះ រួមទាំងការបំផ្ទុះគ្រាប់បែកមិនរើសមុខ ហានិភ័យធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងលើធនធានដែលមានកម្រិតរួចទៅហើយ ដើម្បីផ្គត់ផ្គង់លំហូរចូល។
ក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកម្មក្នុងទីក្រុង Goma កាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ប្រឆាំងក្រុមឧទ្ទាមដែលកើតមានឡើងវិញ។ រដ្ឋាភិបាលប្រទេសកុងហ្គោ មន្ត្រីអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចលោកខាងលិច បានចោទប្រកាន់ប្រទេសរវ៉ាន់ដាថា បានគាំទ្រ ក្រុមឧទ្ទាម M23 ដែលអះអាងថាការពារផលប្រយោជន៍ជនជាតិភាគតិច Tutsi ប្រឆាំងកងជីវពល Hutu ដែលមេដឹកនាំរបស់ពួកគេ បានចូលរួមក្នុងអំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដា ឆ្នាំ ១៩៩៤។