ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត កំពុងស្នើដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីការស្លាប់របស់អ្នករិះគន់វិមានក្រឹមឡាំង និងអ្នកនយោបាយប្រឆាំងលោក អាឡិចស៊ី ណាវ៉ាល់នី (Alexi Navalny) នៅក្នុងពន្ធនាគាររុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បាននិយាយថា ឧបករណ៍របស់សហភាពអឺរ៉ុបដែលអនុញ្ញាតឲ្យដាក់ទណ្ឌកម្មសម្រាប់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នឹងត្រូវប្រើដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការស្លាប់របស់លោកណាវ៉ាល់នី។
លោកស្រី បាននិយាយកាលពីថ្ងៃចន្ទ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុច សែល។

ឧបករណ៍ដាក់ទណ្ឌកម្ម គឺរបបទណ្ឌកម្មសិទ្ធិមនុស្សសកលរបស់សហភាពអឺរ៉ុប ត្រូវបានគេប្រើប្រាស់រួចហើយ ដើម្បីដាក់ទណ្ឌកម្មមុខងាររដ្ឋាភិបាលរុស្ស៊ីចំពោះការដាក់លោកណាវ៉ាល់នីក្នុងពន្ធនាគារ។
បុគ្គលដែលរងផលប៉ះពាល់ នឹងត្រូវបិទគណនីហិរញ្ញវត្ថុ និងបង្កកទ្រព្យសម្បត្តិផ្សេងទៀត នៅក្នុងសហភាពអឺរ៉ុប។ លើសពីនេះ ពួកគេ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលសហភាពអឺរ៉ុប ឬធ្វើអាជីវកម្មជាមួយពលរដ្ឋសហភាពអឺរ៉ុបទៀតទេ។
លោក ចូសិប បូរ៉ែល (Josep Borrell) ប្រមុខការទូតរបស់សហភាពអឺរ៉ុប ក៏បាននិយាយកាលពីថ្ងៃចន្ទថាលោកនឹងស្នើប្តូរឈ្មោះឧបករណ៍នេះថា «របបទណ្ឌកម្មសិទ្ធិមនុស្សរបស់លោកណាវ៉ាល់នី» ដើម្បីផ្តល់ជាកិត្តិយសដល់ការតស៊ូរបស់ជនជាតិរុស្ស៊ីរូបនេះដើម្បីសិទ្ធិមនុស្ស»។