ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរម្លឹកដាស់តឿនពលរដ្ឋទាំងអស់គ្នាថា កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅរសៀលទី៦ កក្កដា នេះ សម្តេចបានសរសេរថា នៅថ្ងៃស្អែកទី៧កក្កដានេះ គឺជាខួប១៣ឆ្នាំហើយ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។
សម្តេច ក៏បានរម្លឹកថា សូមចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់៕
