រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក ម៉ៃខល ម៉ាទីន (Micheál Martin) បានថ្លែងកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប «ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន» ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល កុំឲ្យវាយប្រហារទីក្រុងរ៉ាហ្វា (Rafah) នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង។

លោកម៉ាទីន បាននិយាយថា៖«កម្រិតនៃភាពអមនុស្សធម៌ដែលឥឡូវនេះ កំពុងកើតឡើងនៅក្នុងតំបន់ហ្កា ហ្សា បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយសំដៅលើការវាយលុកថ្មើរជើង និងផ្លូវអាកាសរបស់អ៊ីស្រា អែល ដើម្បីកម្ចាត់ក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី៧ ខែតុលា។
រដ្ឋាភិបាលអ៊ីស្រាអែល បាននឹងកំពុងរៀបចំបើកការវាយលុកថ្នើរជើងទ្រង់ទ្រាយធំមួយចូលទៅក្នុងទីក្រុង រ៉ាហ្វាដែលជាទីក្រុងភាគខាងត្បូងបំផុតក្នុងតំបន់ហ្កាហ្សា ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប ទោះបីជាមានការភ័យខ្លាចពីអន្តរជាតិថា វានឹងនាំឲ្យមានការស្លាប់ជនស៊ីវិលយ៉ាងច្រើនក៏ដោយ។
រដ្ឋមន្ត្រីការបរទេសលុចសំបួ លោក សាវី បេតែល (Xavier Bettel) បាននិយាយថា លោកបានព្រមាន អ៊ីស្រាអែលថា ប្រទេសនេះ កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ «ការគាំទ្រចុងក្រោយ ដែលពួកគេមាននៅក្នុងពិភពលោក»ប្រសិនបើពួកគេ វាយប្រហារលើទីក្រុងរ៉ាហ្វា។
លោកម៉ាទីន បានជំរុញឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា និងឲ្យចុះចាញ់អាវុធរបស់ពួកគេ។ លោកក៏បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ក្នុងទីក្រុងប្រ៊ុចសែល។