មានការរាយការណ៍ថា ក្រុមគ្រួសាររបស់លោក Alexei Navalny ដែលជាអ្នករិះគន់ចំពោះលោក Vladimir Putin និងដែលបានស្លាប់នៅក្នុងពន្ធនាគាររុស្សីនោះ ត្រូវបានប្រាប់ថា សាកសពរបស់លោក នឹងមិនត្រូវបានឲ្យយកចេញនោះឡើយ ក្នុងរយៈពេល ២សប្តាហ៍។

អ្នកតំណាងឲ្យលោក Navalny បាននិយាយថា ម្តាយរបស់សពត្រូវបានជូនដំណឹងថា សពនឹងត្រូវតម្កល់ទុកសិន ដើម្បី «វិភាគជីវសាស្ត្រ»។ តែមិនទាន់មានការបញ្ជាក់ពីទីកន្លែងតម្កល់សពពីអាជ្ញាធររុស្ស៊ីនៅឡើយទេ ខណៈដែលការព្យាយាមស្វែងរកទីតាំងម្តងហើយម្តងទៀតមិនទទួលបានផល។ ភរិយារបស់អតីតមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីរូបនេះ បានចោទប្រកាន់អាជ្ញាធរថា បានលាក់បាំងសពស្វាមីរបស់ខ្លួន។

ក្នុងវីដេអូមួយ កាលពីថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) ដោយប្តេជ្ញាបន្តការងាររបស់ស្វាមីខ្លួន ក្នុងការប្រយុទ្ធដើម្បី «ឲ្យប្រទេសរុស្ស៊ីមានសេរីភាព» នោះ លោកស្រី Yulia Navalnaya បានចោទប្រកាន់ដោយផ្ទាល់ទៅលើប្រធានាធិបតីរុស្ស៊ីលោក Putin ថា បានសម្លាប់ស្វាមីរបស់លោកស្រី។ លោកស្រីក៏បានចោទប្រកាន់ដែរថា សពស្វាមីរបស់លោកស្រី ត្រូវបានគេរក្សាទុករហូតដល់ស្លាកស្នាមនៃការបំពុលដោយសារធាតុពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ Novichok បានរលាយបាត់។
សូមបញ្ជាក់ថា មរណភាពរបស់លោក Navalny នៅក្នុងពន្ធនាគារ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍កន្លមក។ អាជ្ញាធរនៅមន្ទីរឃុំឃាំងស៊ីបេរី ជាកន្លែងដែលលោកត្រូវបានឃុំខ្លួននោះ បាននិយាយថា អ្នកទោសមិនអាចដឹងខ្លួនវិញឡើយ បន្ទាប់ពីបានដួល ក្រោយដើរលេងក្នុងពន្ធនាគារនោះ។
ម្តាយ និងមេធាវីរបស់សព បានធ្វើដំណើរទៅកាន់កន្លែងឃុំឃាំងដាច់ស្រយាលនោះភ្លាមៗ នៅពេលដែលព័ត៌មាននៃការស្លាប់របស់អ្នកទោសរូបនោះបានលេចឡើង។ ការព្យាយាមរកទីតាំងតម្កល់សព ត្រូវបានរារាំងបិទបាំងម្ដងហើយម្ដងទៀត ពីសំណាក់អាជ្ញាធរ នៅកន្លែងបញ្ចុះសពពន្ធនាគារ និងមូលដ្ឋាន៕