ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងអាណត្តិថ្មីលើកទី៩នេះ បានចាត់ទុក មធ្យោបាយអប់រំ គឺជាវិធីសាស្ត្រចំបងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាមិនឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពល ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានផ្ដល់នូវអនុសាសន៍ ដល់ក្រុមការងារមួយចំនួន ដោយក្នុងនោះ ការងារផ្សព្វផ្សាយ និងអប់រំ ដោយឯកឧត្តមបានការណែនាំ ដល់អគ្គលេខាធិការដ្ឋាន និងគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំត្រូវធ្វើយ៉ាងណាបំផុសចលនាផ្សព្វផ្សាយអប់រំ ពីវិនាសកម្មគ្រឿងញៀននេះជាចលនាជាតិមួយដែលគ្រប់វិស័យត្រូវតែចូលរួមទាំងអស់គ្នា ដូចជាវិស័យអប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ សាសនា កីឡាជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ការគ្រប់គ្រងសារធាតុញៀន និងគីមីផ្សំដោយ ស្នើរៀបចំនូវស្តង់ដា នីតិវិធីអនុវត្ត SOPក្នុងគោលបំណង គ្រប់គ្រងឲ្យបានម៉ត់ចត់ នូវរាល់សារធាតុគីមីផ្សំទាំងឡាយណា ដែលអាចកែច្នៃផលិតជាគ្រឿងញៀន ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារអន្តរក្រសួងនេះនឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាលុបបំបាត់ ឲ្យបានករណីលួចលាក់កែច្នៃផលិតគ្រឿងញៀននៅកម្ពុជា។
ឯកឧត្តមក៏បានណែនាំ ដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបញ្ជូនលក្ខខណ្ឌ ប្រភេទទីតាំង ដែលសង្ស័យកែច្នៃផលិត ទៅគ្រប់អាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់ ដើម្បីមានមូលដ្ឋានក្នុងការចុះត្រួតពិនិត្យទីតាំងទាំងឡាយណាដែលសង្ស័យលបលួចកែច្នៃផលិតគ្រឿងញៀន។

ដោយឡែកសម្រាប់ការងារអនុវត្តច្បាប់ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ធ្វើការវាយតម្លៃខ្ពស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរដែលកន្លងមក បានអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីអនុវត្តច្បាប់ណា ដែលពាក់ព័ន្ធទាំងបទល្មើស និង ការប្រើប្រាស់គ្រឿងញៀន ខណៈការអនុវត្តនេះគឺស្របទៅតាម មរតកអភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្រ្តីគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់»នោះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា«ការវះកាត់» គឺជាជម្រើសចុងក្រោយ ឈរលើអភិក្រមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី ក៏បានដាក់ចេញ នូវគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឲ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកបដោយ ភាពស្អាតស្អំ និង ភាពជាគំរូ នៃការអនុវត្តច្បាប់។ មួយវិញទៀត ឯកឧត្តមក្រើនរំលឹក ដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវរក្សាភាពថ្លៃថ្នូរ និងប្រកាន់ខ្ជាប់នូវឥរិយាបថសមរម្យក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជៀសវាងការអនុវត្តលើសបទបញ្ជារ និង យកផលប្រយោជន៍បុគ្គលជាធំផងដែរ៕ អត្ថបទ៖ បាន ចក់




