ព្រះវិហារ ៖ ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នក្រុមការងារស្រាវជ្រាវ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (ហៅកាត់EFEO) បានសិក្សាស្រាវជ្រាវរកឃើញតំបន់សំខាន់ៗចំនួន៥ ស្ថិតក្នុងតំបន់ស្រុកឆែប ខេត្តព្រះវិហារ។
សក្ដានុពលបុរាណវិទ្យានៃតំបន់ឆែបត្រូវបាន បុរេប្រវត្តិវិទូជនជាតិបារាំងឈ្មោះ Paul Lévy(ប៉ូល ឡឺវី) ចាប់ផ្តើមសិក្សា តាំងពីឆ្នាំ១៩៣៨មកម្លេះ ក្នុងនោះលោកបានសិក្សារកឃើញទីតាំងបុរេប្រវត្តិសាស្រ្ត ចំនួនបីដែលមានអាយុកាលតាំងពីយុគសំរិទ្ធរហូតដល់យុគសម័យដែក (១០០០ឆ្នាំមុនគ.ស.រហូតដល់ឆ្នាំ៥០០នៃគ.ស.) ដែលជាភស្តុតាងដំបូងនៃលោហកម្មទង់ដែងនៅកម្ពុជា។ ថ្មីៗនេះ ស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងស្រាវជ្រាវ LANGAU(ឡង់ហ្គូ) “ប្រភពនៃទង់ដែងអង្គរ” ក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោក ឡេង វិទូ ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា ក្រុមការងារស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ាប្រទេស (EFEO)ប្រចាំកម្ពុជា ដឹកនាំដោយលោក Brice Vincent (ព្រី វ៉ាំងហ្សង់) អ្នកជំនាញភូគព្ភវិទូមកពីប្រទេសបារាំង ភូគព្ភវិទូមកពីក្រសួងរ៉ែ និងថាមពល និងបុរាណវិទូមកពីរាជបណ្ឌិត្យសភាកម្ពុជាផងដែរ កំពុងបន្តស្រាវជ្រាវទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។
លោក ឡេង វិទូ ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឆ្នាំ២០១០ លោក ធុយ ចាន់ធួន (បុរាណវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា) បានចាប់ផ្តើមការស្រាវជ្រាវថ្មីនៅតំបន់ឆែប រកឃើញទួលអាចម៌ដែកជាបន្តបន្ទាប់។ ការស្រាវជ្រាវនេះត្រូវបានបន្តនៅចន្លោះឆ្នាំ២០១៧ និង២០១៩ ដោយលោក ផុន កសិកា (បុរាណវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា) ជាពិសេសការស្រាវជ្រាវនៅក្នុងតំបន់ឧទ្យានតេជោសែន ឬស្សីត្រឹប។ តំបន់ទាំង៥នោះ គឺតំបន់ទី១៖ត្រពាំងជាន់សន្លុង ទំហំប្រមាណជាង១០ហិកតា ដែលមានត្រពាំងបុរាណចំនួន២ ទួលអាចម៍ដែក និងទង់ដែងជាង១០០។ តំបន់ទី២៖ភ្នំយក្សព្រៅ ទំហំប្រមាណជាង៣៥ហិកតា ដែលមានភ្នំយក្សព្រៅតំបន់រ៉ែទង់ដែក និងរ៉ែដែក និងមានទួលអាចម៌ដែក និងទង់ដែងសរុបចំនួន៣០។ តំបន់ទី៣៖ ឆែប០០១ ទំហំប្រមាណជាង៦ហិកតា ជាទីតាំងយករ៉ែដែក។ តំបន់ទី៤៖ត្រពាំងស្វាយទោល ទំហំប្រមាណជាង១០ហិកតា ដែលមានទួលអាចម៍ដែកចំនួន១០ នៅក្បែរត្រពាំងស្វាយទោល និងតំបន់ទី៥៖ភ្នំជ្រាប់ផ្តៅ ទំហំ៨,៥ហិកតា ជាទីតាំងយករ៉ែទង់ដែងបុរាណដ៏ធំ ដែលមានបណ្តោយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង៦០ម៉ែត្រ និងជម្រៅរហូតដល់២៥ម៉ែត្រ នៅតំបន់នេះក៏ជាការដ្ឋានយកថ្មបាយក្រៀមបុរាណផងដែរ។ តំបន់យករ៉ែ និងតំបន់ផលិតលោហៈ ក្នុងស្រុកឆែប គឺជាតំបន់បេតិកភណ្ឌតែមួយគត់ ដែលមានទាំងកន្លែងយករ៉ែ និងកន្លែងផលិតទង់ដែងដំបូងគេ ក្នុងចំណោមតំបន់ផ្សេងៗទៀតដែលផលិតទង់ដែង សម្រាប់ផ្គត់ផ្គង់ដល់ចក្រភពអង្គរ។
លោកប្រធានស្តីទី បានបញ្ជាក់ថា បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ គេរកឃើញអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំចំនួន៤ គឺនៅក្នុងប្រទេសថៃ នៅជ្រលងភ្នំ Khao Wong Prachan ខេត្ត Lopburi ជ្រលងភ្នំPhu Lon ខេត្ត Nong Khai ក្នុងប្រទេសឡាវ ខេត្ត Savannakhet និងនៅកម្ពុជា ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ៕ អត្ថបទ៖ រដ្ឋា











